កោះកុង៖ ប្រជាពលរដ្ឋ ដែលជាអតិថិជនដីឡូតិ៍របស់ក្រុមហ៊ុន(B.I.D) បាននាំគ្នាស្រែករកយុត្តិធម៌ ខណៈអគ្គនាយកក្រុមហ៊ុន លក់ដីខ្យល់ឲ្យពួកគាត់ ហើយខ្ចប់លុយរាប់ម៉ឺនដុល្លា រត់បាត់ស្រមោល មិនឃើញចេញមុខមកដោះស្រាយសោះ។
តាមក្រុមប្រជាពលរដ្ឋ ដែលជាអតិថិជនដីឡូតិ៍របស់ក្រុមហ៊ុនខាងលើ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថា ដីដែលក្រុមហ៊ុន(B.I.D) លក់ឲ្យពួកគាត់ គឺជាដីខ្យល់ មានទីតាំងនៅចំណុចជិតស្ពានអូរស្រីស្រណោះ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ នៃខេត្តកោះកុង។ ពួកគាត់បានបន្តថា បច្ចុប្បន្ន ខាងក្រុមហ៊ុនបានលក់ ដីខាងលើជាង១០០ឡូតិ៍ទៅហើយ តែមិនដឹងដីប្លង់ណាឲ្យពិតប្រាកដ មានតែដីខ្យល់ ហើយខ្ចប់លុយអតិថិជន ក៏រត់បាត់ស្រមោលតែម្តង។
បើតាមប្រជាពលរដ្ឋដដែល បានបញ្ជាក់ទៀតថា កន្លងមកពួកគាត់បានដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចជួយដោះស្រាយ ហើយកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ថ្មីៗនេះ សមត្ថកិច្ច បានឃាត់ខ្លួនបុគ្គលិក២នាក់ របស់ក្រុមហ៊ុន(B.I.D)នេះ ដែលទី១មានឈ្មោះ បាន ស្រីកញ្ញា ជាប្អូនស្រីបង្កើត របស់អគ្គនាយកក្រុមហ៊ុន និង ម្នាក់ទៀតឈ្មោះ ហាក់ ចិន្តា ជាប្រធានផ្នែកទីផ្សារ។ ក៏ប៉ុន្តែការឃាត់ខ្លួននេះ មិនបានយូប៉ុន្មានទេ ក្រោយមកតុលាការខេត្តកោះកុង បានសម្រេចដោះលែងអ្នកទាំង២ ឲ្យមានសេរីភាព ឡើងវិញ។
គិតត្រឹមម៉ោងផ្សាយនេះ សារព័ត៌មានរបស់យើង មិនទាន់អាចសុំការបកស្រាយ អំពីដំណើររឿងហេតុទាំងនេះ ពីលោក បាន បញ្ញា នាយកក្រុមហ៊ុន(B.I.D)បាននៅឡើយទេ ដោយសារគ្មានប្រព័ន្ធអាចទំនាក់ទំនងបាន។ ចំណែកបុគ្គលិកផ្សេងទៀត របស់ក្រុមហ៊ុន ក៏មិននៅស្នាក់ការដីឡូតិ៍នោះដែរ។
គួរបញ្ជាក់ថា គម្រោងពុះដីឡូតិ៍របស់ក្រុមហ៊ុន(B.I.D) ដែលកំពុងមានភាពចម្រូងចម្រាសពីពលរដ្ឋនេះ គឺបានធ្វើឡើងក្នុងរង្វង់ដីជិត ៥ម៉ឺនម៉ែត្រក្រឡា ហើយមានប្រជាពលរដ្ឋ រាប់សិបនាក់ផងដែរ ដែលបានជាវដីឡូតិ៍ របស់ក្រុមហ៊ុននេះ ចាប់តាំងពីខែកុម្ភៈ ដើមឆ្នាំ២០២០នេះ ក៏ប៉ុន្តែអ្នកដែលបានទិញដីទាំងនោះ បានអះអាងថា ក្រុមហ៊ុនគ្មានដីឲ្យពួកគាត់នោះទេ ហើយក៏ខ្ចប់លុយរបស់ពួកគាត់ រាប់សិបម៉ឺនដុល្លា រត់គេចខ្លួនបាត់តែម្តង។
កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ លោក ទូ សាវុទ្ធ អភិបាលរងខេត្តកោះកុង ដែលទទួលបន្ទុកបញ្ហាវិវាទផ្សេងៗ បានកោះហៅប្រជាពលរដ្ឋ ដែលកំពុងតែលើកគ្នាតវ៉ាមុខសាលាដំបូង ឲ្យចូលបំភ្លឺប្រាប់អាជ្ញាធរ អំពីដំណើររឿង ដែលនាំឲ្យពលរដ្ឋ ចាញ់បោកក្រុមហ៊ុនលក់ដីឡូតិ៍នេះ ដើម្បីងាយស្រួល ឲ្យលោកតាមស្រាវជ្រាវរកសាវតារ របស់ក្រុមហ៊ុន និងបក្សពួករបស់គេ មកដោះស្រាយជាមួយពលរដ្ឋ និងដើម្បីរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ដែលកំពុងតែទទួលរងគ្រោះទាំងអស់នេះ៕ រូបភាព និងអត្ថបទ៖ សុគន្ធី