More

    ប្រធានពន្ធាគារខេត្តប៉ៃលិន ត្រូវបានតុលាការកោះហៅបំភ្លឺ ពាក់ព័ន្ធការចរាចរណ៍គ្រឿងញៀនក្នុងគុក

    spot_img

    ប៉ៃលិន៖ លោក លីម វាសនា ប្រធានពន្ធនាគារខេត្តប៉ៃលិន ត្រូវបានតុលាការខេត្ត ចេញដីកាកៅហៅឆ្លើយបំភ្លឺ ក្នុងនាមជាសាក្សី ពាក់ព័ន្ធសំណុំរឿង ព្រហ្មទណ្ឌមួយ ទាក់ទងការជូញដូរគ្រឿងញៀនក្នុងពន្ធនាគារ។

    បើយោងតាមដីកាកោះហៅ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក លីម វាសនា ត្រូវបានចៅក្រម ស៊ើ​បសួរ ហៅឲ្យមកចូលបំភ្លឺ នៅថ្ងៃទី២៦ ខែវិច្ឆិកា ២០២០កន្លងទៅនេះ ពីដំណើររឿងជួញដូរ ចាត់ចែងឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។

    យោងតាមសំណុំរឿងដដែល មានជនត្រូវចោទចំនួន៣នាក់ ដែលបានប្រព្រឹត្តអំពើជូញដូរ ចាត់ចែងឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ក្នុងពន្ធនាគារក្រោមការគ្រប់គ្រង របស់លោក លីម វាសនា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ កន្លងទៅ។

    លោក ពិន សុខុម លេខាធិការដ្ឋានសាលាដំបូងខេត្តប៉ៃលិន បានបញ្ជាក់ថា ចៅក្រមស៊ើបសួរ ពិតជាមានកោះហៅ ឈ្មោះ លីម វាសនា ដែលជាប្រធានពន្ធនាគារ មកចូលឆ្លើយបំភ្លឺពិតមែន កាលពីពេលថ្មីនេះ តែចំពោះដំណើររឿងហេតុ និងការសាកសួរយ៉ាងណានោះ លោកមិនបានដឹងច្បាស់នោះទេ ព្រោះជាការសម្រេចរបស់តុលាការ។

    គួរំលឹកថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ក្នុងពន្ធនាគារខេត្តប៉ៃលិន បានបែកធ្លាយវីឌេអូ អំពីការប្រើប្រាស់បានដោយសេរី នូវទូរស័ព្ទដៃ ក្នុងបន្ទប់ឃុំឃាំង។ ហើយកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំដដែលនេះ ឆ្មាំគុកម្នាក់ ដែលមានឈ្មោះ ឯល ប៉ែត ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធអំពើជូញដូរគ្រឿងញៀន ក្នុងពន្ធនាគារខេត្តប៉ៃលិននេះ។ ហើយបទល្មើស ដែលកើតឡើងផ្ទួនៗក្នុងពន្ធនាគារ ក្រោមការគ្រប់គ្រងរបស់លោក លីម វាសនា កំពុងត្រូវបានមហាជន ងឿងឆ្ងល់ថា តើកន្លងមកប្រធានពន្ធនាគារ បានដឹងរឿងនេះដែរ ឬទេ បានជាបណ្តែតបណ្តោយ ឲ្យមានរឿងដល់ថ្នាក់ហ្នឹង ឬមួយក៏មានការពាក់ព័ន្ធ នឹងលោកដែរ ឬក៏យ៉ាងណា ទើបកាលពីពេលថ្មីៗនេះ មានតុលាកាកោះហៅលោក សួរនាំយ៉ាងដូច្នេះ។

    ទាក់ទងករណីដ៏រសើបនេះ ក្រុមការងារយើង មិនទាន់អាចសុំការបំភ្លឺបកស្រាយ ពីលោក លីម វាសនា ប្រធានពន្ធនាគារខេត្តប៉ៃលិន បាននៅឡើយទេ អំពីដំណើររឿងហេតុ ដែលតុលាការកោះហៅលោក បំភ្លឺពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននេះ ដោយសារតែលោក មានប្រសាសយ៉ាងខ្លីថា លោកមិនបានដឹងដែរ។

    ចំពោះករណី ដ៏ល្បីល្បាញនេះផងដែរ មហាជនកំពុងទន្ទឹងរងចាំមើលដែរថា រឿងអវិជ្ជមាន ដែលបានកើតឡើង ផ្ទួនៗក្នុងពន្ធនាគារបែបនេះ តើលោក លីម វាសនា នឹងត្រូវបកស្រាយប្រាប់ថ្នាក់ យ៉ាងដូចម្តេចដែរ ហើយបើការស៊ើបអង្កេតទៅ រកឃើញបទល្មើសទាំងនោះ មានការជាប់ពាក់ព័ន្ធនឹងរូបលោក តើច្បាប់អាចចាត់ការលោកដោយរបៀបណា ហើយបើសិនជាលោក មិនបានជាប់ពាក់ព័ន្ធទេនោះ គួរណាស់ត្រូវតែមានការ ផ្តល់ភាពស្អាតស្អំជូនលោកវិញផងដែរ ដើម្បីស្រាយចម្ងល់មហាជន ដែលកំពុងតាមដាន៕ រូបភាព និងអត្ថបទ៖ ខ្លឹមតូច

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img