More

    រឿងម្តាយក្មេកត្រូវការដីទុកបញ្ចុះសព កូនប្រសារមិនព្រមឲ្យត្រូវបាន អភិបាលខេត្តចុះដោះស្រាយដល់ទីតាំង

    spot_img

    កំពត៖ ក្រោយមានអ្នកសារព័ត៌មាន ចុះផ្សាយព្រោងព្រាត និងមានការសំណូមពរពីពលរដ្ឋពាក់ព័ន្ធ ក្នុងសំណុំរឿងទំនាស់ដីធ្លី ដែលម្តាយក្មេកចង់បានដីទុកបញ្ចុះសព កូនប្រសារមិនព្រមឲ្យ ធ្វើឲ្យផ្អើលពេញបណ្តាញសង្គម ស្រាប់តែនៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ អភិបាលខេត្តកំពត បានដឹកនាំក្រុមការងារចម្រុះ ចុះដល់ទីតាំងផ្ទាល់តែម្តង ដើម្បីសម្របសម្រួលបញ្ចប់រឿង។

    ឯកឧត្តម ជាយ តាយ អភិបាលខេត្តកំពត នៅថ្ងៃចុះសម្របសម្រួលផ្ទាល់នេះ បានដឹកនាំអាជ្ញាធរពាក់ព័ន្ធ រួមមានខាង ភូមិ ឃុំ ស្រុក និងមន្ត្រីជំនាញសុរិយោដីជាដើម ចុះសិក្សា និងវាស់វែងជាក់ស្តែង លើផ្ទៃដីចំនួន២១៥០០ម៉ែត្រការ៉េ ដែលស្ងិតនៅភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពតនេះ មុនឈានដល់ការដោះស្រាយ ក៏ប៉ុន្តែចំពោះការទាមទារ របស់ខាងភាគ្គីម្តាយក្មេក ដែលចង់បានដីសម្រាប់ទុកបញ្ចុះសពនោះ ខាងកូនប្រសារនៅតែមិនព្រមដដែល បើទោះបីជាមាន ការសម្របសម្រួល ពីសំណាក់ឯកឧត្តមអភិបាលខេត្តក៏ដោយ។

    កូនស្រីចំនួន៣នាក់ និងចៅៗចំនួន៦នាក់ នៅតែទទូចឲ្យអាជ្ញាធរជួយដោះស្រាយ ដើម្បីទាមទារដីមួយចំណែក សម្រាប់ទុកបញ្ចុះសពឲ្យលោកយាយ ដែលមានឈ្មោះ ឈីវ អ៊ាក វ័យ៨៩ឆ្នាំ ដោយមានហេតុផលថា ដីខាងលើដែលពួកគាត់ទាមទារ ឲ្យលោកយាយនោះ គឺជាដីដែលលោកយាយធ្លាប់ កាន់កាប់គ្រប់គ្រងពីមុនមក មុនធ្លាក់ដល់ដៃកូនប្រសារ ម្យ៉ាងទៀតដោយហេតុផលថា លោកយាយចាស់ហើយ និងមានសុខភាពមិនល្អ ទើបត្រូវការដីខាងលើជាបន្ទាន់ ដើម្បីត្រៀមទុកបញ្ចុះសពលោកយាយ ពេលគាត់អស់ប្រេង អស់សំណាង។

    ចំណេកភាគ្គីខាងកូនប្រសារវិញ គឺអ្នកស្រី ឈុយ សាំង បានអះអាងដោយមានហេតុផលដូចគ្នាថា ដីខាងលើនេះ មិនមែនជាដីរបស់លោកយាយ ឈីវ អ៊ាក ឡើយ គឺជាដីរបស់ប្តីអ្នកស្រី ដែលត្រូវជាកូនរបស់លោកយាយ កាន់កាប់ជាយូមកហើយ តាំងពីឆ្នាំ១៩៨០មកម្លេះ ហើយលោកយាយជាអ្នក មករស់នៅជាមួយគ្រួសារគាត់ មិនមែនពួកគាត់មករស់នៅ ជាមួយលោកយាយឡើយ។ ថ្លែងប្រាប់ក្នុងបទសម្ភាស ជាមួយអ្នកសារព័ត៌មានFK NEWS កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ អ្នកស្រីបានបញ្ជាក់ថា សាច់រឿងនេះទុកឲ្យតុលាការ និងច្បាប់ ជាអ្នកដោះស្រាយចុះ ព្រោះក្នុងនាមអ្នកស្រីជាកូនប្រសារ មិនអាចសម្របសម្រួល ចែកដីនេះឲ្យម្តាយក្មេកបានទេ ហួសពេលត្រូវសម្រួលហើយ។

    សូមបញ្ជាក់ថា តាមការទាមទាររបស់កូនៗ និងចៅៗបង្កើតរបស់លោកយាយ ឈីវ អ៊ាក គឺចង់បានដីចំនួន១៥ម៉ែត្របួនជ្រុងមុនគេបង្អស់ ដើម្បីធ្វើជាម៉ុងទុក សម្រាប់ត្រៀមជូនលោកយាយ មុននឹងដោះស្រាយបញ្ហា ដែលនៅសេសសល់ផ្សេងទៀត ជាមួយខាងកូនប្រសារ ព្រោះដើម្បីគិតពីវ័យលោកយាយ ជាចាំបាច់។ គួរំលឹកថា សំណុំរឿង បងប្អូនសាច់បង្កើត និងសាច់ថ្លៃ ឈ្លោះទាស់ទែងគ្នា រឿងដីកេរ្តិ៍អាករនេះ គឺបានកើតឡើងតាំងពីឆ្នាំ២០១៥មកម្លេះ ដោយភាគ្គីម្ខាងៗសម្រេចប្តឹងទៅស្ថាប័ន ដើម្បីជួយដោះស្រាយ តែលទ្ធផលនៅមិនទាន់បានបញ្ចប់ដដែល ដោយសារដីដែលមានទំនាស់ខាងលើនេះ គ្មានប្លង់កម្មសិទ្ធិត្រឹមត្រូវ។

    អាជ្ញាធរខេត្តកំពត និងមន្ត្រីជំនាញ បានពិនិត្យឯកសារ របស់ភាគ្គីទាំងសងខាង ឃើញថា ដីខាងលើគឺចាត់ទុក ស្ថិតក្នុងទ្រព្យសម្បត្តិរួម មិនទាន់មានការបែងចែកនៅឡើយ ដូច្នេះទើបអាជ្ញាធរ ចង់ឲ្យមានការសម្របសម្រួល ចៀសជាងការប្តឹងផ្តល់តទៅទៀត។ ហើយគណៈកម្មការ ដែលដោះស្រាយទំនាស់ខាងលើ រំពឹងទុកថា ការដោះស្រាយ នឹងទទួលបានលទ្ធផលល្អ នៅពេលដ៏ខ្លីខាងមុខ ជូនភាគ្គីពាក់ព័ន្ធ ឲ្យបានតម្លាភាព និងឈ្នះៗទាំងអស់គ្នា៕ រូបភាព និងអត្ថបទ៖ ហង្ស សុភាព

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img