More

    ដូចម្តេចហៅថាបង្គន់លូភ្លោះ វាមានអត្ថប្រយោជន៍យ៉ាងដូម្តេចខ្លះ?

    spot_img

    កំពត៖ បង្គន់លូភ្លោះ ឬហៅថាបង្គន់លូឆ្លាសពីរ មានអត្ថប្រយោជន៍យ៉ាងខ្លាំង ក្នុងការគ្រប់គ្រងកាកសំណល់លាមក ទាំងការស្តុកទុក និងការស្តារចេញវិញ នេះបើតាមការបញ្ជាក់ របស់អ្នកជំនាញ នៅក្នុងអង្គសិក្ខាសាលាមួយ ដែលបានធ្វើឡើងនៅមន្ទីរ អភិវឌ្ឍន៍ជនបទខេត្តកំពត កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

    គ្រូបង្គោលមកពីក្រសួងអភិវឌ្ឍន៍ លោក ថី ចន្ទោ មានប្រសាសក្នុងបទបង្ហាញថា បង្គន់លូភ្លោះនេះ មានភាពងាយស្រួល ក្នុងការសាងសង់ ចំណាយអស់ប្រាក់តិច សាមញ្ញបំផុត និងងាយស្រួលប្រើប្រាស់ ក្នុងការស្តុកលាមក និងការគ្រប់គ្រងកាកសំណល់។ លោកបានបញ្ជាក់ថា បង្គន់លូភ្លោះនេះ អាចស្តុកទុកកាកសំណល់លាមកបានយូ ជាងបង្គន់ដែលមានលូកង់១ជួរ។ បង្គន់លូភ្លោះ ត្រូវបានគេសង់ ដោយជីករណ្តៅពីរ ដាក់លូក្បែរគ្នា ហើយប្រើបំពង់បំបែកទុយោ ឬនិយាយឲ្យសាមញ្ញចានចែក ទុកសម្រាប់កាច់បង្ហូរលាមក ចូលក្នុងលូ ហើយអាចបង្វិលបានតាមតម្រូវការ នៅពេលដែលលូបង្គន់ពេញ។

    លូភ្លោះឆ្លាស់គ្នា២បែបនេះ អាចស្តុកលាមកបានច្រើន និងយូ នៅពេលលូបង្គន់ទី១ពេញ គេបង្វិលចានចែកនោះ ឲ្យលាមកហូរចូលលូទី២វិញ ហើយបិទលូទី១ឲ្យជិត ទុកចោលមិនប្រើប្រាស់ រយៈពេលយ៉ាងហោចណាស់២ឆ្នាំ យើងនឹងអាចស្តារយកមកប្រើប្រាស់ ធ្វើជាជីកំប៉ុសបានយ៉ាងល្អ។

    ចំពោះការចំណាយលើ ការសាងសង់បង្គន់លូភ្លោះនេះ វាអាចប្រើប្រាស់ពេលវេលាច្រើន លើសបង្គន់សង់ធម្មតាលូធម្មតាបន្តិច ក៏ប៉ុន្តែវាបានផ្តល់អត្ថប្រយោជន៍ច្រើនទៅវិញ នៅពេលយើងបានសង់ហើយ។

    បើតាមការឲ្យដឹងរបស់ស្ត្រីម្នាក់ឈ្មោះ ណុច ហេម វ័យ៥៨ឆ្នាំ រស់នៅភូមិកណ្តាល ឃុំជំពូវ័ន្ត ស្រុកជុំគិរី ខេត្តកំពត បានឲ្យដឹងថា ការសង់បង្គន់លូភ្លោះនេះ អ្នកស្រីបានចំណាយអស់ប្រាក់ ប្រហែល៣០ម៉ឺនរៀល អ្នកស្រីបានប្រើប្រាស់នេះ រយៈពេលជាង២ឆ្នាំមកហើយ មកដល់សព្វថ្ងៃ មិនដែលមានបញ្ហាស្ទះលូឡើយ។ អ្នកស្រីចង់ឲ្យ ពលរដ្ឋផ្សេង ជ្រើសរើសការប្រើប្រាស់ បង្គន់លូភ្លោះរបៀបនេះ ឲ្យដូចអ្នកស្រីដែរ។

    ប្រធានការិយាល័យ បណ្តុះបណ្តាល និងស្រាវជ្រាវ របស់មន្ទីរអភិវឌ្ឍន៍ខេត្តកំពត លោក អោក សុវណ្ណា បានមានប្រសាសថា បច្ចុប្បន្នខេត្តកំពត បានទទួលជ័យលាភី ចំពោះការវាយតម្លៃ ស្តីពីការគ្មានបន្ទោបង់ពាសវាលពាសកាល(ODF) បានចំនួន២ស្រុកហើយ គឺស្រុកបន្ទាយមាស និងស្រុកជុំគិរី។ ហើយថ្ងៃខាងមុខ មន្ត្រីជំនាញ នឹងបន្តផ្សព្វផ្សាយ ជម្រុញយ៉ាងណាឲ្យពលរដ្ឋ មានការយល់ដឹងបន្ថែម ពីភាពចាំបាច់នៃការប្រើប្រាស់បង្គន់អនាម័យនេះ។ លោកបញ្ជាក់ថា កន្លងមកការសម្រេចបានជោគជ័យ លើការគ្មានបន្ទោបង់ពាសវាលពាសកាលនេះ គឺដោយសារបានកិច្ចសហការ ពីអង្គការដៃគូរពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសគឺមានការចូលរួមអនុវត្ត ពីពលរដ្ឋផ្ទាល់តែម្តង ទើបអាចសម្រេចបានជោគជ័យ។

    បច្ចុប្បន្នកម្ពុជាមានស្រុកដែល ODF សរុបចំនួន៥ហើយ រួមមានស្រុកបន្ទាយមាស ស្រុកជុំគិរី ខេត្តកំពត ស្រុកស្វាយទាប ខេត្តស្វាយរៀង ស្រុករំដួលខេត្តស្វាយរៀង និងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ តែអត្រានេះ មិនទាន់បានគ្របដណ្តប់១០០% លើទូទាំងប្រទេសឡើយ ទើបតែសម្រេចបានប្រហែល៨០%ប៉ុណ្ណោះ នៅថ្ងៃខាងមុខ តាមការរំពឹង របស់គោលការណ៍ថ្នាក់ជាតិ ប្រជាពលរដ្ឋកម្ពុជា នឹងមានបង្គន់ និងទឹកស្អាតប្រើប្រាស់ បាន១០០% នៅក្នុងឆ្នាំ២០២៥ខាងមុខ៕ រូបភាព និងអត្ថបទ៖ រតនៈ

     

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img