More

    ដីរដ្ឋជាច្រើនហិចតានៅស្រុករវៀង ត្រូវបានឈ្មួញកាន់កាប់ផ្តាច់មុខ សង្ស័យលួចរៀបឯកសារខុសប្រក្រតី

    spot_img

    ព្រះវិហារ៖ ដីព្រៃគ្រប់គ្រងដោយរដ្ឋជាច្រើនហិតា ស្ថិតនៅភូមិដូង ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ បច្ចុប្បន្នត្រូវបានក្រុមឈ្មួញចូលឈួសឆាយទន្ទ្រាន គ្រប់គ្រងកាន់កាប់ដោយផ្តាច់មុខ សង្ស័យមានការឃុបឃិតគ្នា លួចធ្វើឯកសារមិនប្រក្រតី។

    បើតាមការឲ្យដឹងពីប្រជាពលរដ្ឋបានបញ្ជាំក់ថា ដីរដ្ឋជាច្រើនហិចតានៅតំបន់ខាងលើនេះ ត្រូវបានឈ្មួញម្នាក់ឈ្មោះ បុរី ជាអ្នកកាន់កាប់ ដាក់គ្រឿងចក្រចូលឈួសឆាយ ដោយមិនញញើត ឬខ្វាយខ្វល់អ្វីឡើយ។

    ជុំវិញការដាក់គ្រឿងចក្រចូលឈួសឆាយដី រាប់សិបហិចតានៅតំបន់ខាងលើ ដែលកន្លងគឺជាដីរដ្ឋនេះ កាលពីថ្ងៃទី២៤ ខែវិឆ្ឆិកា កន្លងទៅ លោក បុរី ដែលបានអះអាងថា ខ្លួនជាម្ចាស់គ្រឿងចក្រ និងម្ចាស់ដី បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាន ដោយផ្ទាល់មាត់ថា ការដែលលោកហ៊ានដាក់គ្រឿងចក្រ ចូលឈួសឆាយដីខាងលើនេះ គឺដោយសារតែដីទាំងនេះ លោកមានឯកសារត្រឹមត្រូវ ដែលបានចេញដោយអាជ្ញាធរ តាំងពីឃុំរហូតដល់ស្រុក។ ជុំវិញការអះអាងនេះ លោកបានបង្ហាញឯកសារចំនួន៣សន្លឹក ដែលយកមកប្រើថាជាច្បាប់កាន់កាប់ដីធ្លី។

    ជាមួយនឹងឯកសាររបស់លោកបុរី ដែលបានប្រើប្រាស់ថាជាប្លង់កាន់កាប់ដីនេះ ត្រូវបានអតីតមន្ត្រីមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បង្ហើបថាវាហាក់ដូចមានភាពមិនប្រក្រតី ឲ្យត្រឹមត្រូវតាមច្បាប់ ដោយសារតែលើលិខិត ផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីនោះ គ្មានស្នាមមេដៃអ្នកទទួលសិទ្ធិត្រឹមត្រូវ ម្យ៉ាងវិញទៀតលិខិតនេះ ទើបតែចេញនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ ខណៈដែលដីខាងលើ ត្រូវបានគេចូលកាន់កាប់ជាយូមកហើយ ហើយគ្មានការផ្ទេរសិទ្ធិ នៅក្នុងខែតុលានេះឡើយ។ ចំណែកលិខិតដែលជាគំនូសបង្ហាញទីតាំង និងនិយាមការ មិនឃើញមានការបញ្ជាក់ពីទិន្នន័យ និងទីតាំងឲ្យបានច្បាប់លាស់ឡើយ គឺមានតែខាងភូមិបាលម្នាក់ប៉ុណ្ណោះ ដែលជាអ្នកចុះហត្ថលេខា គ្មានការបញ្ជាក់ពីក្រុមការងារបច្ចេកទេសវាស់វែង ព្រមទាំងគ្មានដាក់កាលបរិច្ចេទ ដោយមិនដឹងធ្វើឡើងនៅពេលណា ហើយសម្រាប់ម្ចាស់កម្មសិទ្ធិណាដែរ ដែលទាំងនេះជាចំណុច គួរឲ្យសង្ស័យ ពីភាពមិនប្រក្រតីលើឯកសារកាន់កាប់ដីរដ្ឋនេះ។

    យ៉ាងណាក៏ដោយ នេះគ្រាន់តែជាការបង្ហើបឲ្យដឹង ពីប្រភពមួយតែប៉ុណ្ណោះ យើងមិនទាន់អាច ស្វែងរកការពន្យល់ ឬបញ្ជាក់ណាមួយពីមន្ត្រីជំនាញ ឬអ្នកចុះហត្ថលេខាបាននៅឡើយទេ ជុំវិញឯកសារដី ដែលគ្មានចុះថ្ងៃខែ និងគ្មានស្នាមមេដៃ គ្មានលក្ខណៈគ្រប់ជ្រុងជ្រោយបែបនេះ។ ដោយសារតែយើងបានព្យាយាម​ ទំនាក់ទំនងទៅកាន់លោក ដូង ឡុង ដែលជាមេឃុំរីករីយ និងលោក អាន ចន្ទ័ ប្រធានការិយាល័យភូមិបាលស្រុករវៀង ព្រមទាំងលោក ហោ ប៊ុនហួរ ដែលជាអភិបាលស្រុករវៀង គឺសុទ្ធតែមិនទទួលទូរស័ព្ទអ្នកសារព័ត៌មាន។

    ទាក់ទងបញ្ហានេះផងដែរ ប្រជាពលរដ្ឋដែលធ្លាប់ដឹងរឿងនេះ ចង់សំណូមពរឲ្យអាជ្ញាធរខេត្ត និងមន្ត្រីថ្នាក់លើ មេត្តាជួយស៊ើបអង្កេតលើការចេញឯកសារដីធ្លី របស់ឈ្មួញខាងលើនេះ តើវាពិតជាត្រឹមត្រូវតាមផ្លូវច្បាប់ដែរ ឬទេ ហើយឯកសារទាំងនេះ ល្មមគ្រប់គ្រាន់អាចឲ្យលោក បុរី ដាក់គ្រឿងចក្រចូលឈួសឆាយដីខាងលើ ឬមួយយ៉ាងណា៕ រូបភាព និងអត្ថបទ៖ សួន ក្រែង

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img