More

    ក្រុមហ៊ុនដឹកជញ្ជូនដីលក់ កំពុងរំខានការរស់នៅរបស់ពលរដ្ឋ ខណៈពួកគេមិនស្តាប់ការណែនាំរបស់ជំនាញ

    spot_img

    បាត់ដំបង៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅតាមដងផ្លូវនានា ក្នុងភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ  ខេត្តបាត់ដំបង បាននាំគ្នារអ៊ូរទាំ ចំពោះក្រុមហ៊ុនដឹកជញ្ជូនដី របស់ក្រុមឈ្មួញ ដែលដឹកគ្មានស្រោចទឹក គ្មានការគ្រប និងបើកលឿនហួសប្រមាណ បង្កការភ័យខ្លាចដល់ពួកគាត់ និងប៉ះពាល់ការរស់នៅប្រចាំថ្ងៃ ខណៈដែលថៅកែក្រុមហ៊ុនខាងលើ ហាក់ដូចមើលងាយការណែនាំរបស់មន្ត្រីជំនាញ។

    បើតាមក្រុមប្រជាពលរដ្ឋបានឲ្យដឹងថា សព្វថ្ងៃនេះពួកគាត់កំពុងកើតទុក្ខកង្វល់យ៉ាងខ្លាំង ខណៈដែល ក្រុមហ៊ុនដឹកជញ្ជូនដីក្នុងភូមិរបស់គាត់ ដែលមានថៅកែឈ្មោះ ម៉ិល សៀវធៀន និងឈ្មោះ ឈឿម ណារិទ្ធ រកស៊ីកាយដី និងដឹកដីលក់យ៉ាងគគ្រឹកគគ្រេង ដោយគ្មានស្រោចទឹក គ្មានការគ្របត្រឹមត្រូវ និងបើកបរលឿនៗហួសប្រមាណ បង្កឲ្យហុយដីងងឹតមេឃ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភចំពោះ សុវត្ថិភាពកូនតូចៗ ព្រមទាងប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ពួកគាត់ផងដែរ។ ម្យ៉ាងវិញទៀត សកម្មដឹកជញ្ជូនដីរបស់ពួកគេ ដែលធ្វើតាមអំពើចិត្តនេះ វាបានបង្កផលប៉ះពាល់ដល់អ្នកធ្វើដំណើរ តាមដងផ្លូវផ្សេងទៀត ដោយសារការដឹកធ្វើឲ្យជ្រុះអាចម៏ដី រាយប៉ាយពេញផ្លូវ ពេលមេឃភ្លៀងរអិល ពេលមេឃក្តៅហុយថែមទៀតផង។

    ប្រជាពលរដ្ឋដដែលបានបញ្ជាក់ថា ការដឹកជញ្ជូនដីនៅចំណុចភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំនេះ កន្លងមកធ្លាប់ឃើញមានមន្ត្រីជំនាញ អប់រំណែនាំដែរ តែហាក់ដូចគ្មានប្រសិទ្ធភាពសោះ ក្រុមឈ្មួញនៅតែដឹក តាមអំពើចិត្តដដែល ដោយគ្មានស្តាប់តាមការណែនាំ ឬមួយជួយសម្រួលដល់អ្នកភូមិឡើយ ផ្ទុយទៅវិញមានតែ ខំក្រអើតក្រទបខ្លាំងជាងមុនទៅទៀត ហាក់ដូចជាមើលងាយការណែនាំ របស់ជំនាញយ៉ាងដូច្នេះ។ ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារ ក្រុមហ៊ុនដឹកជញ្ជូនដីទាំងនេះ បានសំណូមពរដោយទទូច ចង់ឲ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ដែលមានលទ្ធភាពអាចណែនាំក្រុមហ៊ុនទាំងនេះបាន ឲ្យក្រុមហ៊ុនយកចិត្តទុកដាក់ ស្រោចទឹកជូនពលរដ្ឋកុំឲ្យហុយ និងគ្របរថយន្តឲ្យបានត្រឹមត្រូវកុំឲ្យជ្រុះអាចម៍ដី ព្រមទាំងហាមបើកបរលឿន តាមដងផ្លូវ ដើម្បីបង្កាកុំឲ្យមានគ្រោះថ្នាក់ដល់អ្នកភូមិ ក៏ដូចជាអ្នកដំណើរទាំងឡាយ។ រឿងសំខាន់នោះត្រង់ថា សូមកុំឲ្យក្រុមហ៊ុនរកស៊ីបំផ្លាញធម្មជាតិហើយ មកបំផ្លាញការរស់នៅរបស់ពលរដ្ឋទៀត។

    ពាក់ព័ន្ធទៅនឹងការលើកឡើង របស់ប្រជាពលរដ្ឋបែបនេះ លោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា នៅពេលដែលមន្ត្រី របស់លោកចុះទៅធ្វើការណែនាំ ខាងក្រុមហ៊ុនគេថាគ្រប ហើយបន្ថយល្បឿន នៅពេលដែលមន្ត្រីចេញមកវិញ គេបើកលឿនដដែល តែពេលនេះមន្ទីរ និងធ្វើលិខិតចូលខេត្ត ស្នើរសុំផ្អាកសកម្មភាព១សប្តាហ៍ ហើយបើមិនរាងចាល និងស្នើដកអាជ្ញាប័ណ្ណតែម្តង។

    ដោយឡែកលោក ម៉ិល សុផល ដែលជាអភិបាលស្រុកឯកភ្នំ បានមានប្រសាសថា លោកនឹងមានវិធានការណែនាំ ឲ្យក្រុមរថយន្តខាងលើគ្រប និងឲ្យស្រោចទឹកជាប្រចាំ លោកថាជាធម្មតា ការធ្វើអ្វីមួយ វាតែងតែមានការប៉ះពាល់ហើយ ប៉ុន្តែក្រុមហ៊ុនក៏ត្រូវឲ្យមានការប្រុងប្រយ័ត្ន ដោយបន្ថយល្បឿន ស្រោចទឹកផ្លូវ និងត្រូវគ្របផងដែរ។

    ជុំវិញករណីដែលប្រជាពលរដ្ឋ និងមន្ត្រីជំនាញលើកឡើងបែបនេះ អង្គភាពយើងមិនទាន់អាច សុំការបកស្រាយបំភ្លឺពីលោក ម៉ិល សៀវធៀន និងលោក ឈឿម ណារិទ្ធ បាននៅឡើយទេ អំពីមូលហេតុ នៃការដឹកដីលក់ដោយគ្មានការគ្រប គ្មានស្រោចទឹក និងបើកលឿនៗបែបនេះ ដោយសារតែ ក្រុមការងារយើងគ្មានប្រព័ន្ធទំនាក់ទំនង ទៅកាន់លោកទាំងពីរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img