ភ្នំពេញ៖ រន្ធត់ណាស់លោកអើយ បុរសម្នាក់ជិះម៉ូតូសុខៗ ក៏ដួលបណ្ដាលឲ្យរថយន្តដឹកដីមួយគ្រឿងទៀត បើកពីក្រោយ ចាប់ហ្រ្វាំងមិនទាន់បុកហើយ កិនបណ្ដាលឲ្យធ្លាយពោះវៀនស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ។ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង០៧ និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែវិឆ្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៣០ម៉ែត ក្នុងសង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូpcx មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1IG-0193 ធ្វើដំណើរមកពីផ្សារបុរីសន្តិភាព២ ដោយឃើញមានកង្ហារដាក់នៅពីមុខផង ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានដួលទៅកណ្ដាលផ្លូវ កណ្ដាលឲ្យរថយន្តធុនធំ ប្រភេទដឹកដីមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ3E-2156 បុកចំពេញទំហឹង ហ្នឹងកិនចំពាក់កណ្តាលខ្លួន បណ្ដាលស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ គួរអាណាធ័ម ចំណែកតៃកុងរថយន្តវិញ ពេលដែលឃើញ ជនរងគ្រោះបានស្លាប់ ក៏រត់គេចខ្លួនបាត់ស្រមោលតែម្តង។
សូមបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ អឿន ចិន្តា ភេទ ប្រុស អាយុ៣០ឆ្នាំ ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅជំនាញមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនឱ្យសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅឯស្រុកកំណើតតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ឆាយ តារា