បន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យពីរនាក់ ម្នាក់ចោរលួចម៉ូតូ និងម្នាក់ទៀត ជាអ្នកទិញ(ទទួលផលចោរកម្ម) បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ១.ឈ្មោះ រស់ សារ៉យ (ហៅឡយ) ជាអ្នកលួចម៉ូតូ យកទៅលក់ឲ្យជនសង្ស័យទី២.ឈ្មោះ រ៉ា រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានដកហូតម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំផលិត២០១៥ ពាក់ស្លាកលេខបន្ទាយមានជ័យ 1L-1920។
លោកបញ្ជាក់ថា ដោយមានពាក្យបណ្តឹងពីជនរងគ្រោះ ដែលបានបាត់ម៉ូតូកាលពីថ្ងៃទី២១ ខែវិច្ឆិកា នៅក្នុងបូរីមួយកន្លែង ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងមានការបំភ្លឺពីប្រជាពលរដ្ឋ កម្លាំងរបស់លោកបានចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យដែលលួច និងអ្នកទទួលផលចោរកម្មជាបន្តបន្ទាប់ចំនួនពីរនាក់ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយសារភាព ព្រមទាំងមានវត្ថុតាងម៉ូតូ ដែលដកហូតបានផងនោះ ជនសង្ស័យទាំង០២នាក់ ពិតជាបានប្រព្រឹត្តបទល្មើសលួចម៉ូតូ និងទទួលផលចោរកម្មពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ចំណែកម៉ូតូត្រូវប្រគល់ឱ្យម្ចាស់ដើមវិញ៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ