More

    អភិបាលស្រុកម៉ាឡៃ ត្រូវបានប្រកាសតែងតាំងថ្មី ក្រោមអធិបតីអភិបាលខេត្តបន្ទាយមានជ័យ

    spot_img

    បន្ទាយមានជ័យ៖ លោក ឌៀប ឈួន អតីតជាអភិបាលស្រុកថ្មពួក ត្រូវបានផ្លាស់ប្តូរ មកកាន់តំណែងជាអភិបាលស្រុកម៉ាឡៃវិញ ខណៈលោក អែម សុខា ដែលជាអភិបាលស្រុកម៉ាឡៃ ក៏ត្រូវផ្លាស់ប្តូរ ទៅជាអភិបាលស្រុកថ្មពួកផងដែរ។

    ការផ្លាស់ប្តូរតំណែងអភិបាលស្រុក ឆ្លាស់គ្នាបែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រោមអធិបតីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

    ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសណែនាំថា អភិបាលស្រុក ដែលទើបឡើងកាន់តំណែងនៅស្រុកម៉ាឡៃ ត្រូវខិតខំប្រឹងប្រែងបំពេញការងារ តួនាទីភារកិច្ច អនុវត្តផែនការរបស់ថ្នាក់ជាតិ និងការបម្រើសេវា ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

    ឯកឧត្តមមានប្រសាសន៍បន្ថែមថា លោក ឌៀប ឈួន ក្រោយពីទទួលបានមុខតំណែងថ្មី ជាអភិបាលស្រុកម៉ាឡៃ ត្រូវសហការជាមួយមន្ត្រីជំនាញ កងកម្លាំងប្រដាប់អាវុធ និងត្រូវមានទំនាក់ទំនង ជាមួយប្រទេសជិតខាង ទប់ស្កាត់នូវរាល់បទល្មើសព្រំដែន ដែលកើតមានដូចជា បញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស ពលករលួចឆ្លងដែនខុសច្បាប់ បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ និងបញ្ហាក្មេងទំនើង ជាពិសេសផ្សព្វផ្សាយពង្រឹង ច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ។

    ក្រៅពីនោះ កិច្ចការងារដែលនៅសេសសល់មួយចំនួន ពីអភិបាលស្រុកចាស់ ត្រូវតែអនុវត្តធ្វើបន្ត និងពង្រីកអភិវឌ្ឍន៍បន្ថែម ឲ្យបានល្អប្រសើរ និងពង្រឹងសហការ សាមគ្គីភាពផ្ទៃក្នុងអង្គភាពឲ្យបានល្អ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការអភិវឌ្ឍន៍អង្គភាព កិច្ចការងារផ្ទៃក្នុង ផ្តល់សេវារដ្ឋបាលជូនពលរដ្ឋ៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img