
ប៉ៃលិន៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅក្បែរសណ្ឋាគារយីហោ ហុង បូ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាក្រៅ ខេត្តប៉ៃលិន បាននាំគ្នាសំណូមពរ ឲ្យអាជ្ញាធរមានវិធានការ លើម្ចាស់សណ្ឋាគារនេះ ខណៈដែលបង្ហូរទឹកកខ្វក់ លើផ្លូវសាធារណៈ និងចូលផ្ទះពលរដ្ឋ បង្កឲ្យមានក្លិនមិនល្អ ប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់។
បើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋ បានឲ្យដឹងថា សណ្ឋាគារខាងលើ ជារបស់ឧកញ៉ាម្នាក់ ដែលល្បីឈ្មោះ ក្នុងខេត្តប៉ៃលិននេះ ឈ្មោះ សេង ឈុនឡេង។ ពលរដ្ឋបាននិយាយថា មិនថាជារដូវភ្លៀង ឬរដូវប្រាំងនោះទេ សណ្ឋាគារនេះ តែងតែបង្ហូរទឹកកខ្វក់ ឬទឹកស្អុយជារៀងរាល់ថ្ងៃ មកលើផ្លូវសាធារណៈ និងមុខផ្ទះពលរដ្ឋជាដើម ដែលជាហេតុធ្វើឲ្យជះក្លិនស្អុយដាក់ពួកគាត់ មិនអាចរស់នៅបានដោយសុខស្រួលឡើយ ខណៈបញ្ហានេះ ពួកគាត់ធ្លាប់ប្តឹងទៅខាងអាជ្ញាធរ និងបរិស្ថាន ឲ្យជួយដោះស្រាយដែរ តែហាក់ដូចជា មិនទាន់ឃើញមានដំណោះស្រាយសោះ។ ពួកគាត់ចង់ឲ្យអភិបាលខេត្ត ចុះមកពិនិត្យមើលម្តង ថាតើវាមានក្លិនស្អុយ ពិបាករស់នៅពិតដូចគាត់រៀបរាប់នេះទេ។
ពាក់ព័ន្ធនឹងក្តីកង្វល់របស់ពលរដ្ឋបែបនេះ ប្រភពពីខាងមន្ត្រីនៃមន្ទីរបរិស្ថានខេត្តប៉ៃលិនម្នាក់ បានបង្ហើបឱ្យដឹងថា ខាងពួកគាត់ ធ្លាប់បានចុះទៅណែនាំអប់រំម្ចាស់សណ្ឋាគារខាងលើដែរ តែគេហាក់ ដូចជាមិនយកចិត្តទុកដាក់ ធ្វើតាមការណែនាំរបស់មន្រ្តីជំនាញនោះឡើយ។
ចំពោះករណីនេះផងដែរ មេការម្ចាស់សណ្ឋាគារ(ហុងបូ) ដែលសុំលាក់ឈ្មោះ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ខាងលោកអត់បានដឹងរឿងនេះទេ បើចង់ដឹងច្បាស់ឱ្យទាក់ទងសួរទៅខាងលោកឧកញ៉ា សេង ឈុនឡេង ដោយផ្ទាល់ទៅ។
ករណីនេះ ក្រុមការងារយើងបានព្យាយាម ទាក់ទងផ្ទាល់ទៅលោកឧកញ៉ា ខាងលើដែរ តែទូរស័ព្ទមិនអាចទំនាក់ទំនងបាន ដោយសារគ្មានអ្នកទទួល។
ចំណែកមេការម្នាក់ទៀត បានអះអាងថា សណ្ឋាគារខាងលើនេះ លោកឧកញ៉ាបានជួល ឱ្យទៅជនជាតិចិនបាត់ទៅហើយ ដូច្នេះសូមឱ្យទាក់ទងទៅខាងចិនដោយផ្ទាល់ទៅ ចំពោះបញ្ហាបង្ហូរទឹកស្អុយនេះ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ