បន្ទាយមានជ័យ៖ ក្រុមប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរទាំងឡាយ បាននាំគ្នារិះគន់ថា ទីក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ស្ទើរក្លាយជាទីក្រុងសត្វគោទៅហើយ ខណៈដែលមានហ្វូងគោរាប់រយក្បាល ដើរប្រសាចពេញផ្លូវ យ៉ាងអាណាធិបតេយ្យ ហាក់ដូចគ្មានអ្នកទទួលខុសត្រូវសោះ បង្កឲ្យមានភាពរញ៉េរញ៉ៃ អត់សណ្តាប់ធ្នាប់ និងងាយបង្កគ្រោះថ្នាក់ ដល់អ្នកដំណើរ។
ក្រុមប្រជាពលរដ្ឋបានរិះគន់ថា ជារៀងរាល់ថ្ងៃ មានហ្វូងសត្វគោជាច្រើនក្បាល បានដើរប្រសាចលើផ្លូវជាតិលេខ៥ និងតាមដងផ្លូវនានា ក្នុងក្រុងប៉ោយប៉ែតតែម្តង ដែលតែងតែបង្កការលំបាក ដល់អ្នកដំណើរ ដោយសារការស្ទះចរាចរណ៍ ឬជិះបុកសត្វគោ បង្កគ្រោះថ្នាក់ចរាចរណ៍ជាដើម ពិសេសជាងនេះ តាមទីសាធារណៈ និងតាមមុខផ្ទះរបស់ពលរដ្ឋ ភាគច្រើនពោរពេញដោយ លាមកគោ ប្រឡាក់ពេញតាមផ្លូវ និងសួនច្បារទៀតផង ដែលជាហេតុធ្វើឲ្យបាត់បង់សោភ័ណភាពក្រុង និងអាណាធិបតេយ្យបំផុត ខណៈដែលបញ្ហានេះ កើតឡើងជាយូមកហើយ មកដល់ពេលនេះ នៅតែពុំមានអ្នកទទួលខុសត្រូវចាត់ចែង កិច្ចការនេះ។
ប្រជាពលរដ្ឋដដែល បានទទូចស្នើរសុំចង់ឲ្យ សមត្ថកិច្ច ក៏ដូចជាអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ គួរមានវិធានការ រឹតបន្តឹងលើម្ចាស់គោទាំងឡាយ ឬមានការផាកពិន័យជាដើម ដើម្បីកុំឲ្យមានការព្រលែងសត្វពាហនៈ ពាសវាលពាសកាលបែបនេះទៀត ដើម្បីធ្វើឲ្យស្ថានភាពក្រុងមានភាពអនាម័យ និងសោភ័ណភាពល្អ ឬដើម្បីបញ្ជៀសការលំបាក ដល់អ្នកធ្វើដំណើរជាដើម បើមិនដូច្នោះទេ ម្ចាស់សត្វគោទាំងឡាយ ច្បាស់ជាមិនរាងចាល និងមិនយកចិត្តទុកដាក់លើសត្វចិញ្ចឹមរបស់ខ្លួនឡើយ។
ពាក់ព័ន្ធនឹងការសំណូមពរ របស់ពលរដ្ឋនេះលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា ចំពោះបញ្ហា ហ្វូងគោដើរប្រសេកប្រសាចទាំងថ្ងៃទាំងយប់នេះ លោកនឹងប្រគល់តួនាទីនេះ ឲ្យសមត្ថកិច្ចនគរបាលនៃ អធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែតចាត់ការ ដើម្បីឲ្យម្ចាស់សត្វគោ ទទួលខុសត្រូវ លើសត្វចិញ្ចឹមរបស់ខ្លួន។
គួររំលឹកដែរថា នាពេលកន្លងមកនេះ ក៏ធ្លាប់មានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយហ្វូងសត្វគោ ទាំងនេះផងដែរ ដែលធ្វើឲ្យខូចខាតនូវទ្រព្យសម្បត្តិ ដូចជាឡាន ម៉ូតូ និងបង្កឲ្យអ្នកដំណើររងរបួស ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ផងដែរ ខណៈសត្វគោដែលបង្កគ្រោះថ្នាក់នោះ រត់ចេញពីកន្លែងកើតហេតុ បាត់ស្រមោល ដោយមិនថាជាសត្វគោរបស់នរណា ព្រោះមានរូបរាងស្រដៀងតែគ្នា ហើយមិនដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវឡើយ៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ