
ភ្នំពេញ៖ ស្ត្រីវ័យ៦១ឆ្នាំជាកម្មកផ្នែកអនាម័យម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងភូមិគ្រិះមួយកន្លែង ខណៈចូលទៅបោសសម្អាត ផ្ទះកញ្ចុះលើទឹកបាក់ស្រុត សង្កត់ចូលទៅក្នុងស្រះទឹក។
ហេតុការណ៍នេះ បានកើតឡើងតាំងពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិគ្រិះមួយកន្លែង តាមផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីនេះបានកើតឡើង តាំងពីម៉ោង១០ព្រឹកមកម្លេះ ក៏ប៉ុន្តែម្ចាស់ផ្ទះលាក់លៀម មិនបានរាយការណ៍មកនោះទេ គឺសុខចិត្តសង្ងំកកាយរកសព តែអស់ជម្រើស រហូតដល់វេលាម៉ោង៦ព្រលប់ថ្ងៃដដែល ទើបបែកធ្លាយផ្អើលអ្នកស្រុក។
ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះហ៊ុន សំបូរ ភេទស្រីអាយុ៦១ឆ្នាំជាស្ត្រីមេម៉ាយ ស្នាក់នៅក្បែរកន្លែងកើយហេតុ ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហើយមកបំរើការជាកម្មករ ផ្នែកអនាម័យជាប្រចាំរយៈ ពេល៣ទៅ៤ខែនៅផ្ទះកើតហេតុខាងលើ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ពួកគាត់ដែលរស់ នៅក្បែកន្លែងកើតហេតុបានឮសូរ សម្លេងបាក់ស្រុតរលំផ្ទះកញ្ចុះនោះដែរ តែមិនចាប់អារម្មណ៍ នឹកគិតថា គេវាយផ្ទះចាស់ចោល ដើម្បីសង់ថ្មី ស្រាប់តែមកដល់ព្រលប់ថ្ងៃដដែល ទើបភ្ញាក់ផ្អើលថាមានស្ត្រីម្នាក់ បានស្លាប់ក្នុងហេតុការណ៍នោះ។
ប្រភពដដែលបានឲ្យដឹងបន្តទៀតថា ផ្ទះកញ្ចុះដែរសង់លើទឹកនេះ បានបាក់ស្រុតចូលក្នុងស្រះទឹក តាំងពីពេលព្រឹកមកម្លេះ តែម្ចាស់ផ្ទះ មិនទម្លាយព័ត៌មាន បិទទ្វាររបងជិត សង្ងំឲ្យកម្មករកកាយរើ បូមទឹកចេញរហូតអស់លទ្ធភាព រកសពមិនឃើញទើបទម្លាយព័ត៌មានប្រាប់ទៅសាច់ញាតិ ទើបផ្អើលឆោឡោនៅល្ងាចថ្ងៃកើតហេតុ រួចនាំគ្នារាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យនៅកន្លែងកើតហេតុ។
បន្ទាប់មកគេឃើញមាន វត្តមានលោក ហ៊ួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះមកពិនិត្យ និងសហការជាមួយម្ចាស់ផ្ទះ បានហៅរថយន្តស្ទូចធន់យក្សមួយគ្រឿង ចូលមកស្ទូច ផ្ទះដែលបាក់ស្រុតចូលក្នុងស្រះ និងធ្វើការបូបទឹកចេញ ដើម្បីងាយស្រួលរកសាកសពយក ប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល