More

    អភិបាលខេត្តបាត់ដំបង ចែកម៉ាស់ និងអាល់កុលជូនអ្នកគ្រូ លោកគ្រូ និងសិស្សតាមសាលារៀន

    spot_img

    បាត់ដំបង៖ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បាននាំយកម៉ាស់ចំនួន ៨០០០ បន្ទះ និងអាលកុល ចំនួន ៩៦ដប ចុះផ្តល់ជូនដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅសាលាចំនួន០៨ នៅក្នុងក្រុងបាត់ដំបងសម្រាប់ប្រើប្រាស់ការពារ បង្ការទប់ស្កាត់ ជម្ងឺរលាកផ្លូវដង្ហើម (ជម្ងឺឆ្លងកូវីដ-១៩ )។

    សាលាដែលត្រូវទទួលបាន ម៉ាស់ អាល់កុល នាថ្ងៃនេះមាន /១- សាលាបឋមសិក្សា វត្តកំផែង / ២- សាលាបឋមសិក្សា អូរតាគាំ២ /៣- សាលាបឋមសិក្សាអូរតាគាំ១ / ៤- សាលាបឋមសិក្សា ហ៊ុន សែន អូរចារ /៥-សាលាបឋមសិក្សាពោធិ៍វង្ស / ៦- សាលាបឋមសិក្សាមិត្រភាព / ៧- សាលាបឋមសិក្សាថ្កូវ /៨- សាលាបឋមសិក្សាវត្តលៀប ដែលក្នុងមួយសាលាៗ ទទួលបាននូវម៉ាស់ចំនួន ១០០០ម៉ាស់ និងអាល់កុលលាងដៃ១២ ដប។

    នាឱកាសនោះដែរ ឯកឧត្តមងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា៖ ការចុះចែកម៉ាស់ អាល់កុលនាពេលនេះ ស្របពេលដែលប្រជាពលរដ្ឋយើងទាំងអស់គ្នា ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង បាននិងកំពុងបន្តចូលរួមការពារ បង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងជម្ងឺឆ្លងកូវីដ-១៩ ដោយបានអនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាល តាមការណែនាំរបស់អាជ្ញាធរ និងក្រុមគ្រូពេទ្យ និងតាមយន្តការចត្តាឡីស័ក ព្រមទាំងអនុវត្តតាមបទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា។

    ដោយបច្ចុប្បន្នការរីករាលដាល នៃជម្ងឺកូវីដ-១៩ (ជម្ងឺរលាកផ្លូវដង្ហើម) នៅលើសកលលោក នៅតែមានកំណើនកើនឡើង ដែលជាហានិភ័យ ដល់ប្រជាជនទូទាំងពិភពលោក ដូចនេះក្នុងនាមរដ្ឋបាលខេត្ត ក៏នៅតែបន្តការចូលរួមទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដនេះ ដល់ប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋាន និងសហគមន៍ ក្នុងខេត្តបាត់ដំបង ជាពិសេសសិស្សានុសិស្ស ដែលជាកុមារតូចៗកំពុងសិក្សា នៅតាមបណ្តាសាលាបឋមសិក្សានានា ដោយយើងត្រូវយកចិត្តទុកដាក់ ឲ្យបានដិតដល់ជាទីបំផុត ព្រោះពួកគេនៅតូចៗ ខ្វះការប្រុងប្រយ័ត្ន បើពុំមានការជំរុញពីមាតា បិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ទេនោះពួកគេនឹងប្រឈមនូវការឆ្លងជម្ងឺកូវីដ១៩ នេះមុនគេ។

    ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មាតា បិតា និងប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ព្រោះជម្ងឺកូវីដ-១៩នេះ មិនទាន់រលត់សាបរលាបនៅឡើយទេ ដោយវានៅតែបន្តយាយីយើងជាប់ជានិច្ច ជាពិសេសអ្នក ដែលខ្វះការប្រុងប្រយ័ត្នអនាម័យ ដូចនេះសូមប្រជាពលរដ្ឋ ឧស្សាហ៍លាងដៃនឹងសាប៊ូ ឬទឹកអាកុល ចូលរួមពាក់ម៉ាស់ពេល ដែលចេញទៅក្រៅ កាត់បន្ថយការជួបជុំគ្នា ហើយត្រូវប្រញាប់ពិភាក្សា ជាមួយគ្រូពេទ្យជំនាញភ្លាមៗបើសិនជា មានអាការៈមិនស្រួល ដែលសង្ស័យថាខ្លួនកើតនូវជំងឺនេះ។

    បន្ថែមពីនេះឯកឧត្តម ក៏បានក្រើនរំលឹកដល់លោកគ្រូ អ្នកគ្រូ ជួយអប់រំផ្សព្វផ្សាយបន្តទៀត ដល់សិស្សានុសិស្សទាំងអស់ សូមកុំឱ្យភ្លេចខ្លួន និងសូមរក្សានូវគម្លាត ហើយត្រូវបន្តអនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាល ម្យ៉ាងសូមកុំប្រមូលផ្ដុំគ្នា ដោយមិនមានការចាំបាច់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img