បន្ទាយមានជ័យ៖ ម៉ាស់ចំនួន១៧កេសធំ ផលិតរបស់វៀតណាម ដែលគេលួចដឹកចូល តាមច្រករបៀង ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានមន្ត្រី(ក.ប.ប) ឃាត់ធ្វើការត្រួតពិនិត្យបាកូដម៉ាស់ រកឃើញថាផលិតនេះ គ្មានច្បាប់ ធ្វើការផាកវិន័យចំនួន២០លានរៀល ទៅតាមទំហំទំនិញដែលទំលាក់ នៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតក្នុងក្រុងប៉ោយប៉ែត។
លោក សាន វិជ្ជា សារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប) ខេត្តបន្ទាយមានជ័យបានប្រាប់ថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប)ខេត្ត បានរកឃើញទំនិញ ប្រភេទម៉ាសចំនួន១៧កេស ដែលមានម៉ាស៣ប្រភេទ មានម៉ាសក្រណាត់ច្រកថង់ ,ម៉ាស់ប្រអប់អត់បាកូដ និងម៉ាសប្រអប់មានបាកូដ ផលិតនៅប្រទេសវៀតណាម ដែលជាទំនិញគ្មានច្បាប់។
លោក សាន វិជ្ជាសារ៉វុធ បានបញ្ជាក់ថា តាមសំដីម្ចាស់ម៉ាស គឺម៉ាសនេះត្រូវទិញពីវៀតណាម ហើយដឹកចូលទៅលក់ នៅផ្សាររ៉ុងក្លឿប្រទេសថៃ ដោយលក់មិនដាច់ដឹកចេញមកវិញ តាមច្រករបៀងណងចាន់ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ មន្ត្រីជំនាញសង្ស័យក៏ឃាត់ កាលពីយប់ថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥៨ ឋិតភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
មន្ត្រីដដែលបានបញ្ជាក់ថា ក្រោយពេលពិនិត្យរកឃើញថា ផលិតផលនេះគ្មានច្បាប់ លិខិតអនុញ្ញាតពីក្រសួង មន្ត្រីសាខា(ក.ប.ប)ខេត្ត បានផាកពិន័យ តាមច្បាប់ជាទឹកប្រាក់ចំនួន២០លានរៀល ទៅតាមទំហំទំនិញ ដែលគ្មានប្រភពច្បាស់លាស់នេះ។ លោកបានបញ្ជាក់បន្ថែមថា បើសិនយកទៅពិនិត្យឡាបូ បើរកឃើញថា ទំនិញមិនប្រក្រតីមានហានីភ័យ ដល់អ្នកប្រើប្រាស់នោះ ម៉ាសទាំងនេះត្រូវតែដុតកំទិចចោល បើគ្មានទេ និងប្រគល់ជូនម្ចាស់វិញ ហើយអប់រំដល់ម្ចាស់ធ្វើការវិចខ្ចប់ឲ្យបានត្រឹមត្រូវ៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ