More

    មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ចុះពិនិត្យតាមភោជនីយ៍ដ្ឋាន ដែលបង្កប់KTV

    spot_img

    បាត់ដំបង៖ ក្រុមការងារអធិការកិច្ច នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង នាយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះសហការជាមួយអាជ្ញាធរក្រុងបាត់ដំបង ឆ្មក់ពិនិត្យទៅលើទីតាំងភោជនីយដ្ឋាន បង្កប់ខារ៉ាអូខេ និងក្លឹបកំសាន្តនានាជាង១០កន្លែង នៅកណ្តាលក្រុងបាត់ដំបង ដើម្បីរួមចំណែកការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-19។

    លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់ប្រាប់ឲ្យដឹងថា ក្រោយពីឆ្មក់ពិនិត្យយ៉ាងយកចិត្តទុកដាក់ ពីក្រុមការងារជំនាញជាលទ្ធផល ទីតាំងអាជីវកម្មទាំងអស់នោះ មិនមានការបើកច្រៀង ឬប្រមូលផ្តុំ ផឹកស៊ីអ្វីនោះទេ ដោយសារពួកគាត់មានការយល់ដឹង និងគោរពទៅតាមការណែនាំរបស់មន្ទីរ ដែលបានចុះធ្វើការណែនាំជាបន្តបន្ទាប់ រយះពេលកន្លងមក។

    ហើយជាការហូបចុកនេះដែរ តាមការត្រួតពិនិត្យជាក់ស្តែង យើងឃើញថា បុគ្គលិកដែលបំរើការ នៅតាមភោជនីយដ្ឋាននានា គឺពួកគាត់មានការ ពាក់ម៉ាស់ មានអ្នកចាំបាញ់អាល់កុល វាស់កម្តៅ និងគម្លាតសុវត្ថិភាព ពិសេសបានបិតស្លាកសញ្ញាផ្សព្វផ្សាយពីកូវីដ-១៩ ព្រមទាំងបានកត់ត្រាឈ្មោះ និងវាស់កម្តៅ បុគ្គលិករាល់ម៉ោងចេញចូលផងដែរ។

    បន្ថែមពីនេះលោកប្រធានមន្ទីរទេសចរណ៍ខេត្ត ក៏បានអប់រំណែនាំបន្ថែមទៅដល់ម្ចាស់ ទីតាំងខារ៉ាអូខេ ក្លឹបកម្សាន្ត និងភោជនីយដ្ឋានទាំងអស់ ត្រូវអនុវត្តគោរពតាមគោលការណ៍ណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដោយមិនអនុញ្ញាត អោយបើកដំណើរការខារ៉ាអូខេ ឬក្លិបកម្សាន្តនោះទេ ហើយក៏មិនត្រូវលួចបើកនៅពេល ដែលក្រុមការងារបានចេញផុតនោះដែរ ក្នុងករណីដែលម្ចាស់អាជីវកម្មណាមួយ អនុវត្តបំពានខុសពីកិច្ចសន្យា ដែលបានធ្វើជាមួយមន្ទីរទេសចរណ៍ និងក្រុមការងារមន្ត្រីជំនាញនោះ នឹងត្រូវអនុវត្តតាមច្បាប់ជាធរមាន ដូច្នេះសូមម្ចាស់អាជីវកម្មទាំងអស់ ត្រូវចូលរួមអនុវត្ត អោយបានខ្ជាប់ខ្ជួនតាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ទាំងអស់គ្នា៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img