កោះកុង៖ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកោះកុង បានរៀបចំពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណា និគមបារាំង ក្រោមព្រះរាជបូជនីយកិច្ច ដឹកនាំដ៏ក្លៀវខ្លា របស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តមសីហនុ។
ពិធីនេះត្រូវបានរៀបចំឡើង នៅបរិវេណស្ដូប ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ក្រោមធិបតីភាព ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត នឹងលោកជំទាវមិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង ព្រមទាំងមានការអញ្ជើញចូលរួម លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត នឹងមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នឹងប្រជាពលរដ្ឋយ៉ាងច្រើនកុះក។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានបញ្ជាក់ថា ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជា ត្រូវប្រារព្ធខួបអនុ ស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯក រាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៧ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។
លោកជំទាវ មិថុនា ភូថង បានបន្តថា ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុ ណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យ ដ៏ពិតប្រាកដនៅកម្ពុជា។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត បានបញ្ជាក់ជាចុងក្រោយថា ក្នុងនាមយើងទាំងអស់គ្នា ជាប្រជារាស្រ្តខ្មែរ ជាចៅ ចៅទួតរបស់ព្រះអង្គ គឺចងចាំកុំភ្លេចឡើយនូវព្រះគុណូបការៈគុណឧត្តុង្គឧត្តមនេះ ដែលសម្ដេចព្រះនរោត្ដមសីហនុ ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គខំប្រឹងតស៊ូ ដើម្បីជាតិខ្មែរទាំងមូល បានរស់គង់វង្សឋិតថេរជារៀងរហូតមក៕ រូបភាព និងអត្ថបទ៖ សុគន្ធី