បន្ទាយមានជ័យ៖ បន្ទាប់ពីតុលាការ ខេត្តបន្ទាយមានជ័យ សម្រេចអនុវត្តសាលក្រម ក្នុងសំណុំរឿងដីធ្លីមួយ បានធ្វើឲ្យពលរដ្ឋប្រមាណជា១០០នាក់ នៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ នាំគ្នាតវ៉ា និងតម្រៀបកង់ឡាន ប្រមាណជា៥០កង់ ដើម្បីត្រៀមដុតបិទផ្លូវ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ប្រជាពលរដ្ឋដែលតវ៉ានេះ បានស្រែកថា មូលហេតុដែល ពួកគាត់នាំគ្នាតវ៉ានេះ ដោយសារពួកគាត់ ចង់ជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការ។ ពលរដ្ឋបាននិយាយថា មានភាគ្គីម្ខាង ប្តឹងផ្តល់គ្នាជាមួយនឹង ពួកគាត់ចំនួន១០៨គ្រួសារ អស់រយៈពេលជិត២០ឆ្នាំមកហើយ មិនមានបញ្ហាទេ។ ប៉ុន្តែការអនុវត្តសាលក្រម របស់តុលាការនាពេលនេះ គឺចោះយកតែមួយគ្រួសារមកអនុវត្ត។ ពួកគាត់បន្តថា ភាគ្គីដែលមានទំនាស់ជាមួយពលរដ្ឋនោះ គឺប្តឹងពលរដ្ឋទាំង១០៨គ្រួសារ តែម្តង ប៉ុន្តែមិនឈ្នះពលរដ្ឋឡើយ ទើបបែរជាប្តឹងចោះ ម្តងមួយ ឲ្យតុលាការអនុវត្ត៍។
យ៉ាងណាក៏ដោយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សមត្ថកិច្ចមិនបានអនុវត្តសាលក្រមរបស់តុលាការ បានដោយជោគជ័យឡើយ ហើយក៏រំសាយទៅវិញ។ ប្រភពពីសមត្ថកិច្ចនៅទីតាំងផ្ទាល់ បានប្រាប់ឲ្យដឹងថា ការអនុវត្តសេចក្តីសម្រេចនេះ នឹងត្រូវលើកទៅពេលក្រោយទៀត ដោយមិនបានបញ្ជាក់ពីថ្ងៃជាក់លាក់ និងមូលហេតុនៃការលើកពេលឡើយ៕ រូបភាព និងអត្ថបទ៖ សៅ នៅ