More

    គណៈកម្មការសុរិយោដី បិទប្រកាសទិន្នន័យក្បាលដី ឲ្យពលរដ្ឋមកពិនិត្យដើម្បីបញ្ចៀសទំនាស់ ក្រោយពេលចេញប័ណ្ណកម្មសិទ្ធិ

    spot_img

    កោះកុង៖ នៅថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អាជ្ញាធរមានសមត្ថកិច្ច ដែលជាគណៈកម្មការសុរិយោដី បានបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លី លក្ខណៈជាប្រព័ន្ធ នៅភូមិចំនួនពីរ គឺភូមិ០១ និងភូមិ០៣ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅទីតាងក្នុងបរិវេណវត្តទេពនិមិត្ត (ហៅវត្តថ្មី) បន្ទាប់ពីក្រុមការងារ ចុះវាស់វែងកំណត់ទិន្ន័យរួច និងដើម្បីងាយស្រួលឲ្យពលរដ្ឋពិនិត្យ និងដោះស្រាយវិវាទផ្សេងៗ មុនពេលប័ណ្ណកម្មសិទ្ធិចេញជាស្ថាពរ។

    លោក រស់ សុីថា ប្រធានក្រុមទី០២ ចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ និងជាប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយ៍កម្ម សំណង់ និងសុរិយោដី ស្រុកមណ្ឌលសីមា បានឱ្យដឹងកាលពីថ្ងៃទី០៣ វិច្ឆិកានេះថា សម្រាប់ប្រជាពលរដ្ឋ ក្នុងភូមិទាំងពីរ គឺភូមិ០១ និងភូមិ០៣ មន្ទីរបានបិទផ្សាយជូនដល់ប្រជាពលរដ្ឋ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន។ លោកថាចំពោះចំនួនក្បាលដីសរុប របស់ពលរដ្ឋនាពេលនេះ ចំនួន៣៩៤៧ ក្បាលដី។

    លោកបន្ថែមថា ចំពោះការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យនេះ គឺធ្វើឡើងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាកផងដែរ មុននឹងទទួលនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធ) សម្រាប់ប្រជាពលរដ្ឋ អ្នកកាន់កាប់ណា ដែលបានបំពេញគ្រប់លក្ខខណ្ឌច្បាប់។ ដើម្បីទុកលទ្ធភាពឲ្យម្ចាស់ដី និងអ្នកដែលពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ា ក្នុងករណីមានការខុសឆ្គង។ នៅពេលផុតរយៈពេលកំណត់ នៃការបិទផ្សាយនេះ ប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានឡើយ។

    លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ទទួលបន្ទុកកិច្ចការដីធ្លី បានបញ្ជាក់ថា ដើម្បីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ប្រើប្រាស់ដីធ្លីសមស្រប ទប់ស្កាត់ការកាប់ទន្រ្ទានដីរដ្ឋខុសច្បាប់ និងកាត់បន្ថយទំនាស់ តាមយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តន៍ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាកម្មវិធីមួយ មានការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកំពុងអនុវត្តនូវផែនការសំខាន់ៗ នៃគោលនយោបាយដីធ្លី ក្នុងការកែទម្រង់រដ្ឋបាលដីធ្លី។

    លោកបន្ថែមទៀតថា ចំពោះការបិទផ្សាយជាសាធារណៈនាពេលនេះ លោកសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កាន់កាប់ដីធ្លីទាំងអស់ ត្រូវទៅផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីទាំងនោះ ថាពិតជាត្រឹមត្រូវ ឬអត់ ដើម្បីបញ្ជាក់ថា មានកំហុសឆ្គងដោយប្រការណាមួយ ដូចជាខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាយុ ភេទ ទំហំ រូបរាងដី ទីតាំងក្បាលដី និងប្រភេទទ្រព្យជាដើមនោះ ម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រូវក្នុងរយៈពេល១៥ថ្ងៃ។

    ឆ្លៀតក្នុងឱកាសនោះដែរ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ នៅភូមិខាងលើ រូតរះទៅពិនិត្យបញ្ញីក្បាលដីឲ្យបានទាន់ ពេលវេលាកំណត់ ដែលមានការបិតផ្សាយជាសាធារណៈ នៅក្នុងបរិវេណវត្តទេពនិមិត្ត (ហៅវត្តថ្មី) កុំបីខាន៕ រូបភាព និងអត្ថបទ៖​ សុគន្ធី

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img