(ឧត្តរមានជ័យ)..មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់ព្រៃសង្ឃរុក្ខវន្ត័បានឲ្យអ្នកយកព័ត៌មានយើងដឹងថា.សកម្មភាពកាប់បំផ្លាញព្រៃឈើរបស់ក្រុមឈ្មួញទុច្ចរិតដែលមានការគប់គិតគ្នារវាងមន្ត្រីបរិស្ថានដែលឈជើងនៅក្នុងតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខវន្ត័បានបើកដៃឱ្យក្រុមឈ្មួញកាប់បំផ្លាញព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខវន្ត័យ៉ាងអនាធិបតេយ្យ.ខណៈមន្ត្រីពាក់ព័ន្ធនឹងការបង្ក្រាបគ្មានចំណាត់ការ។
ប្រជាពលរដ្ឋសូមមិនបង្ហាញអត្តសញ្ញាណបានឲ្យដឹងថាទោះបីមានបទបញ្ជារក្តៅពីសំណាក់ឯកឧត្តម.សៅសុខា.មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស.និងជាប្រធានគណៈកម្មាធិការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិក៏មន្រ្តីអាជ្ញាធរមូលដ្ឋានខាងលើមិនគោរពតាមបទបញ្ជារបស់ឯកឧត្តម.សៅសុខា.ឲ្យបានម៉ឺងម៉ាត់នោះដែរ។ផ្ទុយទៅវិញមន្ត្រីបរិស្ថានដែលឈរជើងនៅក្នុងមូលដ្ឋាន.ព្រៃសង្ឃរុក្ខវ័ន្ត.បែរជាគប់គិតជាមួយមេឈ្មួញទុច្ចរិតខិលខូចបើកដៃឲ្យឈ្មួញចូលកាប់បំផ្លាញព្រៃឈើយ៉ាងអាណាធិបតេយ្យ។ក៏ប៉ុន្តែបើជាមួយប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងតំបន់វិញគឺចាប់អនុវត្តច្បាប់មិនញញើតដៃនោះទេ។ទោះបីសកម្មភាពរបស់ប្រជាពលរដ្ឋធ្វើនោះគ្រាន់តែយកមកសាងសង់លំនៅដ្ឋានបន្តិចបន្តូចយ៉ាងណាក្តី។
ក្រោយពីទទួលបានរាយការណ៍ពីប្រជាពលរដ្ឋជាក់ស្ដែងនៅថ្ងៃទី ១០ ខែធ្នូឆ្នាំ ២០២៤ ថ្មីៗនេះក្រុមអ្នកសារព័ត៌មានក្នុងខេត្តឧត្តរមានជ័យជាច្រើនអង្គភាព បានចុះទៅដល់ផ្ទះរបស់មេឈ្មួញរកស៊ីឈើឈ្មោះ.វ៉ៃ.ស្ថិតក្នុងភូមិ.ចារចាស់.ឃុំ.អន្ទង.ស្រុក.អន្លង់វែង.ខេត្តឧត្តរមានជ័យ.នៅពេលក្រុមអ្នកយកព័ត៌មានយើងបានទៅដល់ស្រាប់តែបានឃើញឈើប្រណិតជាច្រើនម៉ែត្រគីបកំពុងស្តុបទុកដើម្បីរង់ចាំឈ្មួញមកទិញយកទៅលក់បន្ត។
តាមការបញ្ជាក់ពីបងស្រីដែលត្រូវជាប្រពន្ធឈ្មោះ.វ៉ៃ.បានឲ្យដឹងថាឈើដែលប្ដីគាត់ដាក់លក់បានដឹកចេញពីព្រៃសង្ឃរុក្ខវ័ន្ត.ដោយលក់ក្នុងមួយម៉ែត្រគីបតម្លៃ ២លានរៀលប្រភេទឈើក្រំ.ចំណែកឯប្រភេទឈើធ្វើផ្ទះលក់ក្នុងតម្លៃ.១លាន៦០ម៉ឺនរៀលក្នុងមួយម៉ែត្រគីប។
បងស្រីបាទបន្តទៀតថាបើមានអ្នកកម្មង់ឈើធ្វើផ្ទះចាប់ពី ១០ម៉ែត្រគីបឡើងទៅរូបគាត់និងប្ដីគាត់ត្រូវចំណាយពេលអាឈើក្នុងព្រៃសង្ឃរុ្កក្ខវ័ន្តយ៉ាងតិចចាប់ពីកន្លះខែទៅ១ខែទើបអាបានរួចរាល់។
ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ព្រៃសង្ឃរុក្ខវ័ន្តបានសំណូមពរដល់ឯកឧត្ត.សៅសុខា.មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស.និងជាប្រធានគណៈកម្មាធិការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ.ជួយពិនិត្យមើលមន្ត្រីក្រោមឱវាទនិងមន្ត្រីពាក់ព័ន្ធលើកិច្ចការពារព្រៃឈើមួយចំនួនដែលស្ថិតក្នុងតំបន់ខាងលើនេះព្រោះក្រុមមន្ត្រីបរិស្ថាននិងអាជ្ញាធរពាក់ព័ន្ធទាំងនោះហាក់បើកដៃឲ្យក្រុមឈ្មួញកាប់បំផ្លាញព្រៃឈើសម្បើមណាស់ពោលគឺផ្ទុយពីបទបញ្ជារបស់ឯកឧត្តមប្រធានទាំងស្រុងតែម្ដង។
បើនៅតែបែបនេះតទៅទៀតមិនយូរទេព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្តនិងអស់គ្មានសល់ហើយទីបំផុតព្រៃឈើក៏អស់សត្វព្រៃក៏បាត់បង់ទីជម្រករត់ខ្ចាត់ខ្ចាយអស់ដែរ។សូមបញ្ជាក់ថាដែនជម្រកសត្វព្រៃសង្ឃរុក្ខវន្ត័គឺជាដែនជម្រកសត្វព្រៃដ៏ធំមួយនៅក្នុងខេត្តឧត្តរមានជ័យនិងសំបូរទៅដោយធនធានធម្មជាតិនិងជីវៈចម្រុះគ្រប់ប្រភេទពេលនេះកំពុងទទួលរងនូវការកាប់បំផ្លាញព្រៃឈើយ៉ាងធ្ងន់ធ្ងរពីសំណាក់ក្រុមឈ្មួញទាំងនោះ។ឈឹម.កុសល។