More

    ពិធីសូត្រមន្តសុំម្ចាស់ទឹកម្ចាស់ដី ម្ចាស់ព្រៃព្រឹក្សា ដើម្បីដំណើរការការងារវិស្វកម្ម គម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ

    spot_img

    ខេត្តកណ្តាល៖ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជាប្រធានគ្រប់គ្រងគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមក្នុងពិធីសូត្រមន្តសុំម្ចាស់ទឹកម្ចាស់ដី ម្ចាស់ព្រៃព្រឹក្សា ដើម្បីដំណើរការ ការងារវិស្វកម្ម គម្រោងសាសង់ស្ពានដីឥដ្ឋ-ថ្មគរ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន ផងដែរ។
    ការរៀបចំពិធីសូត្រមន្តសុំម្ចាស់ទឹកម្ចាស់ដី ម្ចាស់ព្រៃព្រឹក្សាទៅតាមប្រពៃណី ទំនៀមទំលាប់ គឺដើម្បីបូជាផ្កាភ្ញី និងគ្រឿងសក្ការៈ សុំម្ចាស់ទឹកម្ចាស់ដី ឱ្យប្រសិទ្ធិពរជ័យ អភិបាលរក្សាការពារ ផ្តល់ភាពត្រជាក់ប្រជុំ ជួយថែរក្សាឱ្យបានគង់វង្សយូរអង្វែងនៃសំណង់ស្ពាននេះ និងសុំសេចក្តីសុខចម្រើន និងសុវត្ថិភាពដល់កូនចៅបុគ្គលិក កម្មករ សមប្រកបដោយសិរីមង្គលវិបុលសុខគ្រប់ប្រការ ក្នុងការបំពេញភារកិច្ច ដែលរាជរដ្ឋាភិបាលដាក់ជូន ដើម្បីបម្រើដល់សាធារណជន ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។
    សូមជម្រាបជូនផងដែរថា ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ដោយតួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ និងបានបើកការដ្ឋាន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

    spot_img

    អត្ថបទទាក់ទង

    spot_img