មន្ទីរកិច្ចការនារី ខេត្តរតនគិរីនៅព្រឹកថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចំយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រីក្រោមប្រធានបទ “រួមគ្នាបញ្ឈប់អំពើហិង្សាលើស្រ្តី ដើម្បីវឌ្ឍនភាពសង្គមនិងពិភពលោក”។ យុទ្ធនាការនេះប្រារព្ធធ្វើឡើងនៅមន្ទីរកិច្ចការនារីខេត្ត ក្រោមវត្តមាន លោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី លោកស្រី វ៉ាត់ អៀងហេង ប្រធានមន្ទីរកិច្ចការនារីខេត្តរតនគិរី មានប្រសាសន៍ថា យុទ្ធនាការនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ក្នុងគោលបំណងចំនួន៣គឺ
១ បង្កើន និងលើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការចូលរួមទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រពីអ្នកពាក់ព័ន្ធទាំងអស់រួមទាំងផ្នែកសាសនា សិល្បៈ វិស័យឯកជន ។
២ លើកកម្ពស់ឥរិយាបថវិជ្ជមានរបស់សាធារណជន និងអ្នកផ្តល់សេវាចំពោះជនរងគ្រោះ ជនងាយរងគ្រោះដោយអំពើហិង្សា ទាក់ទងនឹងយេនឌ័រ។
៣ កៀរគរការគាំទ្រទាំងបច្ចេកទេស និងថវិកាពីក្រសួងស្ថាប័ន អង្គការដៃគូ អង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីរួមគ្នា ពន្លឿនការអនុវត្តសកម្មភាព និងអនុវត្តច្បាប់ជាតិ អន្តរជាតិ ព្រមទាំងផែនការសកម្មភាពជាតិ ដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។
លោកស្រី បានបន្តទៀតថា៖អំពើហិង្សាលើស្រ្តី និងក្មេងស្រីគឺជាបញ្ហាសំខាន់សម្រាប់ស្ត្រីជាច្រើន នៅជុំវិញពិភពលោក នឹងនៅកម្ពុជា ដែលក្រសួងកិច្ចការនារី និងរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់ដល់ការលើកកំពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ក្នុងវិស័យនានាក្នុងសង្គម និងវិស័យផ្សេងៗទៀត ពីព្រោះស្ត្រីគឺជាឆ្អឹងខ្នងយ៉ាងរឹងមាំ ក្នុងការអភិវឌ្ឍន៏សេដ្ឋកិច្ច សង្គម និងការបង្កើនសមត្ថភាពដល់ស្ត្រី-ក្មេងស្រី នៅកម្ពុជា។ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងជាពហុវិស័យនៅក្នុងការបន្តត្រួតពិនិត្យលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពីអំពើហិង្សាលើស្រ្តីនិងការចែករំលែកបទពិសោធន៍លើការផ្តល់សេវាជួយជន រងគ្រោះដោយអំពើហិង្សាលើស្រ្តីនិងក្មេង ស្រីក្នុងសង្គមបច្ចុប្បន្ននិងចូលរួមអបអរ សាទរបើកយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រី។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម លោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល តាមរយៈ រដ្ឋបាលខេត្តនិង មន្ទីរអង្គភាពសំខាន់ៗបានយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សមភាព យេនឌ័រ ការបញ្ជ្រាប យេនឌ័រការពង្រឹងភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីរួមទាំងស្ត្រីនិងក្មេងស្រីជនជាតិដើមភាគតិចដើម្បីឲ្យពួកគាត់ទទួលបានឱកាសការសម្រេចចិត្តនិងការទទួលបានផលប្រយោជន៍ដូចបុរសដែរ។ ហើយការអភិវឌ្ឍន៍សមត្ថភាពអ្នកផ្ដល់សេវាក្នុងការឆ្លើយតបនិងតម្រូវការរបស់ជនរងគ្រោះក៏ជាផ្នែកមួយក្នុងការចូលរួមលើកកម្ពស់សមភាព យេនឌរ័ ផងដែរ។
លោកជំទាវ ក៏បានជំរុញឲ្យថ្នាក់ដឹកនាំស្ថាប័នអង្គភាព និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តរតនគិរី ទាំងមូលត្រូវរួមគ្នាលើកកម្ពស់ការចូលរួមបញ្ឈប់អំពើហិង្សាលើស្ត្រីនិងក្មេងស្រីដើម្បីសុខសន្តិភាព ការអភិវឌ្ឍសង្គម បំពេញការងារទៅតាមតួនាទី ភារកិច្ចរបស់ស្ថាប័ននីមួយៗឲ្យបានប្រសើរឡើងតាមរយៈការគាំទ្រជំរុញ និង លើកទឹកចិត្តដល់ពួកគាត់ព្រោស្ត្រីនិងក្មេងស្រីជាតួអង្គរួមចំណែកដ៏សំខាន់ និងចាំបាច់ក្នុងការធានាបាននៅប្រសិទ្ធភាព។
សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីនេះអ្នកចូលរួមទាំងអស់បានតាមដានស្តាប់ប្រសាសន៍ លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី តាមប្រព័ន្ធzoom ថ្លែងក្នុងក្នុងឱកាសយុទ្ធនាការ១៦ ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រី ក្រោមប្រធានបទ “រួមគ្នាបញ្ឈប់អំពើហិង្សាលើស្រ្តី ដើម្បីវឌ្ឍនភាពសង្គមនិងពិភពលោក” ឆ្នាំ២០២៤នេះផងដែ៕