ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា កាលពីវេលាម៉ោង០៣:០០នាទីនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ទទួលបានពាក្យបណ្តឹងថា មានបុរសជនជាតិចិន ចំនួន២នាក់ បានប្រើប្រាស់អាវុធខ្លីចំនួន១ដើម (មិនស្គាល់ម៉ាក) ធ្វើសកម្មភាពបាញ់ទៅលើបុរសជនជាតិចិនម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ នៅចំណុចបូរី BS.O5 ក្រុម១៧ ភូមិ៥ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ។ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់។
ក្រោយពីទទួលបានព័ត៌មាន នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៦៖០០នាទី ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយឃាត់ខ្លួនបានជនសង្ស័យ ចំនួន៣នាក់។
ជនសង្ស័យទាំង៣នាក់ រួមមាន ទី១៖ ឈ្មោះ ZHANG HAO ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន, ទី២៖ឈ្មោះ WANG SHENG HOU ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន និងទី៣៖ឈ្មោះ YANG OU ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន។ វត្ថុតាងដកហូតបាន រថយន្ដ៣គ្រឿង, អាវុធខ្លីមួយដើម, គ្រាប់ប្រភេទ380mm ចំនួន១០គ្រាប់ និងសំបកកន្ទុះចំនួន១គ្រាប់, ខ្នោះដៃចំនួន២, ផ្លាកលេខរថយន្ដ២គូ និងទូរស័ព្ទដៃ២គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕