More

    បវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ នៅសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ

    spot_img

    ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ នៅសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកជំទាវអនុរដ្ឋលេខាធិការក្រសួងអប់រំ លោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត លោកឧកញ៉ា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ។

    ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អានសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ និងអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ជាមួយលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស។ ថ្ងៃនេះជាការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើប នឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ ៦ឆ្នាំ ព្រមទាំងជាថ្ងៃថ្មីរបស់ក្មួយៗ ដែលបានឡើងពីកម្រិតថ្នាក់មួយទៅកម្រិតថ្នាក់មួយទៀតក្នុងឆ្នាំសិក្សា២០២៤-២០២៥។ បវេសនកាលថ្មីនេះ ក្នុងគោលបំណងកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងសុខភាពល្អមាំមួន រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ក្នុងវិស័យអប់រំដែលមានគោលដៅលើកកម្ពស់គុណភាពអប់រំ។ រាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំយុវជន និងកីឡាបានយកចិត្តទុកដាក់ និងដាក់ចេញនូវកម្មវិធីផ្សេងៗសំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សាតាមរយៈវិធានការចំនួន៤៖ ទី១.ការពង្រឹងអភិបាលកិច្ច ទី២.ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣.ការយកចិត្តទុកលើសុខភាពរបស់សិស្សតាមរយៈសារលិខិតសម្តេចមហាបវរធិបតី កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤.ការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក«ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។ ដើម្បីឆ្លើយតបនឹងស្មារតីខាងលើនេះ ក្រសួងអប់រំយុវជនបានបញ្ចូលវិធានការទាំង៤ ក្នុង «ស្តង់ដាសាលារៀនគំរូ» ដែលមាន ៥ស្តង់ដា សម្រាប់សាលាមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា និងបានវាយតម្លៃសាលារៀនចំនួន ១២០ជាប់ស្តង់ដាក្នុងឆ្នាំសិក្សា២០២២-២០២៣។

    ជាមួយគ្នានេះ ក្នុងក្របខណ្ឌនៃការអប់រំបឋមសិក្សា រាជរដ្ឋាភិបាលបានអនុវត្តនូវវិធានការ៣ ក្នុងចំណោមវិធានការទាំង៤ខាងលើ តាមរយៈការអនុវត្តសាកល្បងនៅក្នុងសាលាបឋមសិក្សាគោលដៅ៤២ ក្នុង ៩រាជធានី-ខេត្ត ដោយប្រើយន្តការគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ។ ការដាក់ចេញនូវកម្មវិធីសំខាន់ៗឱ្យអនុវត្តនៅសាលារៀនមួយចំនួនរួមមាន៖ ការបន្ថែមម៉ោងសិក្សា (២ម៉ោង ក្នុងមួយថ្ងៃ) ការអប់រំបំណិនជីវិត សីលធម៌ វប្បធម៌ សិល្បៈ ភាសា បរទេស និងកុំព្យូទ័រ។ ផ្អែកតាមមេរៀនបទពិសោធន៍ និងការអនុវត្តសាកល្បងនៅក្នុងសាលាបឋមសិក្សាគោលដៅទាំង ៤២ និងសាលារៀនជាប់ស្តង់ដាសាលារៀនគំរូទាំង១២០ រាជរដ្ឋាភិបាល នឹងធ្វើការបន្សំគ្នានូវទស្សនាទាន ការប្រតិបត្តិ និងការគាំទ្រសាលារៀនដោយប្រើប្រាស់យន្តការរួមចាប់ពីឆ្នាំសិក្សា២០២៤-២០២៥។ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំតាមរយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដោយធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈមានប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពជាមួយនឹងប្រជាជន និងសហគមន៍។ ដូច្នេះសាលារៀនត្រូវអនុវត្តតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសលើសកម្មភាពបង្រៀន និងរៀនដែលនាំទៅរកការប្រែប្រួលជាវិជ្ជមាន នៃលទ្ធផលសិក្សារបស់សិស្សប្រកបដោយវិន័យ សីលធម៌ គុណធម៌ និងឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ។

    ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា ដើម្បីប្រទេសជាតិខ្លាំង ប្រជាពលរដ្ឋត្រូវមានធនធាន ប្រជាពលរដ្ឋឱ្យតម្លៃការអប់រំ ប្រជាពលរដ្ឋឧស្សាព្យាយាម និងការងារប្រជាពលរដ្ឋត្រូវចេះសាមគ្គីគ្នា សូមប្អូនៗត្រូវយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ឱ្យទទួលបានលទ្ធផលល្អ។

    ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានធ្វើការសំណេះសំណាល និងបានលើកឡើងថា ការអប់រំនៅខេត្តតំបន់ឆ្នេរមានគុណភាព គុណតម្លៃ ព្រោះតួអង្គពាក់ព័ន្ធនិងការសិក្សាមានដូចជា ក្របខណ្ឌគ្រូបង្រៀន សិស្ស បរិយាកាសសាលារៀនល្អ និងអាណាព្យាបាលផងដែរ ព្រមទាំងបានធ្វើការណែនាំសាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទាំង១០ចំណុច ដែលជាគន្លឹះក្នុងការសិក្សាឆ្នាំថ្មីដោយមានការចូលរួមពីសហគមន៍ មាតាបីតាសិស្ស លោកគ្រូ អ្នកគ្រូ ក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំនៅខេត្តព្រះសីហនុ ព្រោះក្មួយៗជាទំពាំងស្នងឬស្សី ម្យ៉ាងទៀតការមានសាលារៀនជួយកាត់បន្ថយការជំលោះក្នុងផ្ទះ ដូច្នេះយើងត្រូវចេះឆ្ងល់ ត្រូវមានអំនួតក្នុងការសិក្សាសម្រាប់ធ្វើជាអ្នកបន្តវេនទៅថ្ងៃអនាគត។

    ក្នុងឱកាសនោះ ឯកឧត្តម សុខ គាង ក៏បាននាំយកថវិការបស់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ឧបត្ថម្ភជូនសាលាចំនួន ៤លានរៀល និងចែកបណ្ណសរសើ លិខិតសរសើជ័យលាភីឆ្នាំសិក្សា២០២៣-២០២៤ ជូនដល់សិស្សានុសិស្សកម្រិតបឋមសិក្សា និងវិទ្យាល័យជាង ៥០០នាក់ប្រកបដោយបរិយាកាសរីករាយ។

    spot_img

    អត្ថបទទាក់ទង

    spot_img