More

    សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម Katsuhiro SHINOHARA ប្រធានតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ចូលជួបសម្តែងការគួរសម

    spot_img

    នៅព្រឹកថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Katsuhiro SHINOHARA ប្រធានតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។ ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសម្តែងនូវក្តីរីករាយក្នុងការទទួលជួប ឯកឧត្តម កាត់ស៊ូហ៊ីរ៉ូ ស៊ីណូហារ៉ា ​ដែលបានធ្លាប់ធ្វើការជាមួយគ្នាជាច្រើនឆ្នាំ ហើយជាមិត្តភ័ក្តិចាស់មួយរូប។ ឯកឧត្តម SHINOHARA បានថ្លែងអំណរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម​ចូលជួបសម្តែងការគួរសមនាពេលនេះ ហើយបាន​អបអរសាទរសម្ដេចតេជោដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា។ ឯកឧត្តមមានប្រសាសន៍ថា ជំនួបថ្ងៃនេះ គឺជាឱកាសសម្រាប់ឯកឧត្តម ​ថ្លែងអំណរគុណចំពោះសម្ដេចតេជោ និងជម្រាបលាទៅកាន់ប្រទេសជប៉ុនវិញ ​ដោយឯកឧត្តមនឹងត្រូវចូលនិវត្តន៍​។ ឯកឧត្តមបានលើកឡើងថា ឯកឧត្តម បានមកបំពេញការងារការទូតចំនួន៤លើកផ្សេងៗគ្នានៅប្រទេសកម្ពុជា ដោយលើកដំបូង នៅឆ្នាំ១៩៦៧ ក្នុងពេលដែលប្រទេសកម្ពុជាស្ថិតក្នុងសង្គ្រាមនៅឡើយ បន្ទាប់មក ក្នុងអំឡុងពេលអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស នៅឆ្នាំ១៩៩១-១៩៩៣ និងនៅឆ្នាំ២០០១ ឯកឧត្តមគឺជាទីប្រឹក្សានៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងចុងក្រោយ ជាឯកអគ្គរាជទូតរបស់ប្រទេសជប៉ុនប្រចាំកម្ពុជានៅឆ្នាំ២០០៧។ ឯកឧត្តម ក៏បានរំលឹកពីជំនួបលើកទី១ជាមួយសម្តេចនៅប្រទេសបារាំងនៅឆ្នាំ១៩៨៩ និងបានសម្តែងការកោតសរសើរស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះសម្តេចដែលអាចធ្វើការសម្រេចចិត្តភ្លាមៗ ច្បាស់លាស់ និងត្រឹមត្រូវ។ ប្រមាណ១៥ឆ្នាំចុងក្រោយនេះ បន្ទាប់ពីចប់អាណត្តិបេសកកម្មជាឯកអគ្គរដ្ឋទូតនៅឆ្នាំ២០០៩ ឯកឧត្តម បានក្លាយជាតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា។ ​ឯកឧត្តម មានសេចក្តីរីករាយដែលបានបន្តកិច្ចការនៅប្រទេសកម្ពុជា និងបានប្តេជ្ញាចិត្តក្នុងការស្តារវិស័យអប់រំនិងពង្រឹងគុណភាពអប់រំនៅ កម្ពុជា តាមរយៈកិច្ចសហការជាមួយក្រសួងអប់រំ និងតាមរយៈជំនួយរបស់ប្រទេសជប៉ុន។ តាមរយៈវត្តមានរបស់ឯកឧត្តម ជាច្រើនឆ្នាំនៅកម្ពុជា ឯកឧត្តមបានមើលឃើញនូវការរីកលូតលាស់យ៉ាងខ្លាំងក្លារបស់កម្ពុជា ជាបន្តបន្ទាប់។ ក្រោយពីត្រឡប់ទៅប្រទេសជប៉ុនវិញ ឯកឧត្តម នឹងរីករាយប្រាប់អំពីប្រទេសកម្ពុជា ដល់ប្រជាជនជប៉ុនដែលចាប់អារម្មណ៍ពីកម្ពុជា។

    ជាការឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ​ប្រហែលជាមានមនុស្សមិនច្រើនទេដែលបានឆ្លងកាត់ និងជាសក្ខីភាពនៃដំណាក់កាលជាច្រើនរបស់កម្ពុជា ហើយ​ ឯកឧត្តម SHINOHARA គឺជាសាក្សីរស់មួយរូបសម្រាប់កម្ពុជា។​ សម្ដេចតេជោ បានរំលឹកពីស្ថានភាពនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨០មក និងស្ថានភាពនាពេលបច្ចុប្បន្ននេះ គឺមានសភាពខុសគ្នាខ្លាំង ដែលបច្ចុប្បន្ន កម្ពុជា បានដើរចម្ងាយឆ្ងាយជាងមុនច្រើន និងមានការរីកចម្រើន​យ៉ាងខ្លាំងលើគ្រប់វិស័យ កំណើនសេដ្ឋកិច្ចខ្ពស់ ការកាត់បន្ថយភាពក្រីក្រ ការផ្គត់ផ្គង់ទឹកស្អាត ការកើនឡើងនៃការប្រើប្រាស់អគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ ផលិតផលកសិកម្ម ដូចជា ស្រូវ ស្វាយចន្ទី …។ល។ ពាក់ព័ន្ធនឹងវិស័យអប់រំ​ សម្តេចក៏បានណែនាំបន្ថែម ឱ្យបន្តកិច្ចសហការជាមួយក្រសួងអប់រំនិងស្ថាប័ន​នានា ដើម្បីអាចជំរុញគុណភាពអប់រំនៅកម្ពុជាបន្តទៀតឱ្យកាន់តែមានភាពប្រកួតប្រជែង​ ដែលអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។ សម្តេចបានបន្តថា យើងត្រូវការធនធានមនុស្សដែលមានជំនាញដើម្បីអាចទាក់ទាញការវិនិយោគបន្ថែមទៀត ដូចនេះកម្ពុជាបានដាក់ចេញនូវគោលនយោបាយក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ប្រជាជនក្រីក្រប្រមាណ ១លាន៥សែននាក់។ សម្តេចតេជោ បានកត់សម្គាល់ថា ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ពុំធ្លាប់ទទួលបាននូវសុខសន្តិភាពណាយូរជាងពេលនេះនោះទេ។ ឆ្នាំនេះជាខួបទី២៦នៃសន្តិភាពទាំងស្រុងនិងពេញលេញនៅកម្ពុជា​ ដែលគ្មានការបែងចែកទឹកដី គ្មានការបែងចែកកម្លាំងប្រដាប់អាវុធ ក៏ប៉ុន្តែ មានគណបក្សនយោបាយផ្សេងៗ។ ចាប់តាំងពីឆ្នាំ១៩៩៨មក រហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា បានស្ថិតនៅក្នុងសុខសន្តិភាព ស្ថិរភាព មានការឯកភាពជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ កងទ័ពតែមួយ ព្រះមហាក្សត្រតែមួយ។ ។ សម្ដេចតេជោ ក៏បានជម្រាបជូនឯកឧត្តម SHINOHARA ពីការលះបង់របស់សម្ដេចក្នុងការផ្ទេរអំណាចទៅដល់អ្នកបន្តវេនជំនាន់ក្រោយ ដែលជាការប្តូរនឹងសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន រយៈពេលយូរអង្វែង។​ សម្ដេចតេជោ បន្តថា បច្ចុប្បន្ន​ រាជរដ្ឋាភិបាលថ្មី សម្រេចបានលទ្ធផលដ៏ល្អប្រសើរ ជាងការរំពឹងទុក និងកំពុងបន្តឆ្ពោះទៅមុខដោយភាពជឿជាក់ ​ឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍន៍​ ។ សម្តេចតេជោ និង ឯកឧត្តម SHINOHARA ក៏បានពិភាក្សាគ្នាផងដែរអំពីបច្ចុប្បន្នភាពនៃស្ថានភាពនយោបាយនៅប្រទេសជប៉ុន ហើយបានឯកភាពគ្នាអំពីសង្គតិភាពរបស់គោលនយោបាយការបរទេសជប៉ុនចំពោះកម្ពុជា។ ឯកឧត្តម បានកោតសរសើរចំពោះការរួមចំណែកដ៏សំខាន់របស់សម្តេចក្នុងការជំរុញសន្តិភាពនៅក្នុងតំបន់និងជុំវិញពិភពលោក។

    ជាចុងក្រោយ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានជូនពរ ​ឯកឧត្តម Katsuhiro SHINOHARA ​សូមសមប្រកបដោយជោគជ័យគ្រប់ភារកិច្ចនៅពេលខាងមុខ៕

    spot_img

    អត្ថបទទាក់ទង

    spot_img