ខេត្តបាត់ដំបង! ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ និងមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះធ្វើការស្រាវជ្រាវរហូតខ្លួនបានជនសង្ស័យ០៦នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូ។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងរយៈពេលពីរថ្ងៃ នៅថ្ងៃទី០៨ និងទី០៩ ខែតុលា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រក្រុងបាត់ដំបង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាលទ្ធផលសមត្ថកិច្ចបានធ្វើការនាំខ្លួនជនសង្ស័យ ០៦នាក់។
ជនសង្ស័យត្រូវបានឃាត់ខ្លួន!
/១- ឈ្មោះ សេង អត្ថៈវីរៈ ភេទប្រុស អាយុ ១៦ឆ្នាំ /២- ឈ្មោះ ឡាត់ អ៉ី ភេទប្រុស អាយុ ១៧ឆ្នាំ /៣-ឈ្មោះ ទុន ឆានុន ភេទប្រុស អាយុ ១៦ឆ្នាំ /៤-ឈ្មោះ ពុន ប៊ុនថៃ ភេទប្រុស អាយុ ១៨ឆ្នាំ /៥-ឈ្មោះ ប៊ុន គង់ ភេទប្រុស អាយុ ២១ឆ្នាំ /ឈ្មោះ អុល ឧសភា ហៅ អ៊ូក ភេទប្រុស អាយុ ១៧ឆ្នាំ ដែលជនសង្ស័យខាងលើកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២២និង០១នាទី ឈ្មោះ ប៊ុន គង់ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដា PCX មានគ្នា០៣នាក់ចេញពីផ្ទះសំណាក់លីហុក ទៅម្តុំមន្ទីរ ស្ថិតក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ក្នុងគោលបំណងគម្រាមកាប់និងយកម៉ូតូ០១ គ្រឿង ពីជនរងគ្រោះ ឈ្មោះ អ៊ុន ករុណា ភេទប្រុស អាយុ ២២ឆ្នាំរួចបានគេចខ្លួនបាត់។
ហើយក្រោយទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានអ្នកពាក់ព័ន្ធ០៦ និងវត្ថុតាងជាមធ្យោបាយម៉ូតូម៉ាកហុងដា PCX ពណ៌ប្រផេះ០១គ្រឿង និងបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕