(បាត់ដំបង) កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសង្កែ ដែលដឹកនាំដោយលោក គ្រឿម រដ្ឋា អភិបាលរងស្រុក តំណាងអោយលោក នាង ច័ន្ទថារ៉ា អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានបន្តចុះបង្ក្រាបបទល្មើសនេសាទនៅភូមិសាស្ត្រឃុំកំពង់ព្រះ ។
លោក គ្រឿម រដ្ឋា អភិបាលរងស្រុកសង្កែ បានបញ្ជាក់ថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងរយៈពេលពីរថ្ងៃជាប់គ្នា គឺថ្ងៃទី២៥ -២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចទីតាំង០៣ផ្សេងគ្នា ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយប្រើកម្លាំងសរុប ១៨ នាក់ និងកាណូត០៦គ្រឿង។
ជាមួយកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញបានចុះទៅលើទីតាំងចំនួន០៣ ក្នុងនោះចំណុចអន្សងអើត ភូមិអណ្តូងត្រាច ដកហូតឡុកចាប់ត្រីបានចំនួន០២គ្រឿង ,សាច់មងប្រវែង ៥០០ម៉ែត្រ ,បង្គោលសរុប ១៧០ដើម។ ចំណុចគន្ធាយតារួត ភូមិកំពង់ព្រះ ដកហូតឡុកចាប់ត្រី បានចំនួន០២គ្រឿង ,សាច់មងប្រវែង ៤០០ម៉ែត្រ ,បង្គោលសរុប ១៥០ដើម។ ចំណុចខាងជើងគន្ធាយតារួត ដកហូតបានឡុកចាប់ត្រី ចំនួន០២គ្រឿង ,សាច់មងប្រវែង.៣០០ម៉ែត្រ និងបង្គោលសរុប ១២០ដើម៕