ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ព្រមទាំងគណៈប្រតិភូក្រសួងផែនការ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តរតនគិរី ។ ពិធីនេះ
ប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នាសាលប្រជុំមន្ទីរផែនការខេត្ត ដោយមាន ការអញ្ជើញចូលរួមពី ឯកឧត្តម មួង ប៉ាង អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿនអភិបាលនៃគណៈអភិបាលខេត្តរតនគិរី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអគ្គនាយករង លោកអនុប្រធាននាយកដ្ឋាន លោក លោកស្រី សហការីអមដំណើរឯកឧត្តមរដ្ឋមន្ត្រីជាច្រើនរូបទៀតផងដែរ។
លោក ខេង សារ៉ាត់ ប្រធានស្តីទីមន្ទីរផែនការខេត្តរតនគិរី បានគោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តី ដោយលើកឡើងថា មន្ទីរផែនការខេត្តបំពេញមុខងារជាសេនាធិការជូនក្រសួងផែនការ លើបេសកម្មទទួល បន្ទុកអនុវត្ត សកម្មភាពការងាររបស់ខ្លួនក្នុងការ ដឹកនាំនិងសម្របសម្រួលលើវិស័យផែនការ ការងារស្ថិតិ តាមដានត្រួត ពិនិត្យវាយតម្លៃ ប្រជាជននិងអភិវឌ្ឍន៍ និងកិច្ចការចាំបាច់មួយចំនួនទៀតនិងជាអង្គភាពចំណុះឱ្យក្រសួង ផែនការតាមខ្សែបណ្តោយ និងចំណុះឱ្យរដ្ឋបាលខេត្តតាមខ្សែទទឹង និងមានតួនាទីភារកិច្ច ចូលរួមចំណែក អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិ បាល សម្រាប់នីតិកាលទី៧នៃរដ្ឋសភាដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព និងគោល ការណ៍ណែនាំរបស់ក្រសួងតាមជំនាញនីមួយៗ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងបំពេញការងារបន្ថែមរាល់ កិច្ចការនានាដែលរដ្ឋបាលខេត្តប្រគល់ជូន ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត មកដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃមន្ទីរផែនការខេត្តរតនគិរី ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះលោកប្រធានមន្ទីរស្តីទី ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តរតនគិរី ទាំងអស់ ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ជាពិសេសការពង្រឹងរចនាសម្ព័ន្ធដឹកនាំ លើកកម្ពស់សមភាពយេនឌ័រ និងប្រសិទ្ធភាពការងារ ជាមួយនឹងយន្តការវាយតម្លៃមន្ត្រីរាជការ រាប់ចាប់ពីមន្ត្រីរហូតដល់ប្រធានមន្ទីរ។
ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកនូវវឌ្ឍនភាពការងារ សមិទ្ធផល និងកំណែទម្រង់នានា ដែលក្រសួងផែនការសម្រេចបានក្នុងរយៈពេល១ឆ្នាំកន្លងមក។ ផ្សារភ្ជាប់នឹងការងារកំណែទម្រង់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំពីយន្តការត្រួតពិនិត្យវាយតម្លៃមន្ត្រីរាជការ ដែលក្រសួងផែនការបាននិងកំពុងអនុវត្តផងដែរ។ ក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំពី (១) ការរៀបចំកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល (២) ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (៣) ការតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍន៍ (៤) ការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងយុទ្ធសាស្ត្រអន្តរកាលដោយរលូន និង (៥) ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។ ជាមួយនឹងការងារប្រជាជននិងការអភិវឌ្ឍ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីការគិតគូររបស់ក្រសួងផែនការ លើការងារគោលនយោបាយជាតិប្រជាជន សំដៅទាញយកជាអតិបរមានូវភាគលាភប្រជាសាស្ត្រ ទី១ ទី២ និងទី៣។ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ លើការងារអាហារូបត្ថម្ភ ដែលក្នុងនោះរួមមាន ការបញ្ចូលជាតិអីយ៉ូដ សារជាតិដែក និងវីតាមីន ទៅក្នុងអាហារ ដែលជាកិច្ចការដ៏សំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន ជាពិសេសកុមារ ដែលចាំបាច់ត្រូវការអាហារូបត្ថម្ភពេញលេញ សម្រាប់ការលូតលាស់ប្រកបដោយភាពរឹងមាំ និងសុខភាពល្អ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីអត្ថប្រយោជន៍ដ៏មហាសាលរបស់ព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្ដើមដ៏ឧត្តុង្គឧត្តមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី ព្រមទាំងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ពុំមែនជាការកាត់ដី ឬដាក់រួមគ្នា ដូចក្រុមប្រឆាំងជ្រុលនិយម បានបំភ្លៃនោះឡើយ។ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តរតនគិរីទាំងអស់ ពិតជាបានស្ដាប់នូវប្រសាសន៍របស់សម្ដេចតេជោ និងប្រមុខរាជរដ្ឋាភិបាល ហើយនឹងចូលរួមផ្សព្វផ្សាយនិងពន្យល់បន្ត ដល់បងប្អូន និងអ្នកជុំវិញខ្លួន ឱ្យបានស្វែងយល់កាន់តែច្បាស់ និងជៀសផុតពីការបោកបញ្ឆោតរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលមានចេតនាបំផ្លិចបំផ្លាញសន្តិភាព និងកេងផលចំណេញពីបងប្អូនប្រជាពលរដ្ឋ៕