More

    ក្រុមហ៊ុនចិន ចាប់អារម្មណ៍វិនីយោគលើវិស័យរុករកធនធានរ៉ែក្នុងខេត្តប៉ៃលិន

    spot_img

    ប៉ៃលិន៖ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោក លីយូ ស៊ីអាវ (LIU XIAO) អគ្គនាយកសាខា ក្រុមហ៊ុនយុនណាន ខនស្ត្រាក់សិន អេនអិនវេសមិន ហូលឌិង គ្រុប បានបង្ហាញពីចំណាប់អារមុ្មណ៍ចង់វិនិយោគលើវិស័យធនធានរ៉ែនៅក្នុងខេត្តប៉ៃលិន ។

    លោក លីយូ ស៊ីអាវ (LIU XIAO) ជាអគ្គនាយកសាខា ក្រុមហ៊ុនយុនណាន ខនស្ត្រាក់សិន អេនអិនវេសមិន ហូលឌិង គ្រុប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលបានចំណាយពេលវេលា និងបានផ្តល់ឱកាសឱ្យរូបលោក និងក្រុមការងារ បានចូលជួបសម្តែងការគួរសម និងពិភាគ្សាការងារ អំពីសក្តានុពលរបស់ខេត្តប៉ៃលិន ដើម្បីជាមូលដ្ឋានឱ្យក្រុមហ៊ុន មានលទ្ធភាពសិក្សា និងធ្វើការវិនិយោគ ស្របទៅតាមមុខសញ្ញាវិនិយោគរបស់ក្រុមហ៊ុន ជាពិសេសគឺការវិនិយោគទៅលើវិស័យរុករកធនធានរ៉ែ ពីព្រោះក្រុមហ៊ុនរបស់លោក ជាក្រុមហ៊ុនវិនិយោគក្នុងប្រទេស ដោយមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុននៅក្រៅប្រទេស ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការធ្វើអាជីវកម្ម ឧស្សាហកម្មរ៉ែលោហៈនៅសាធារណរដ្ឋប្រជាមានិតចិន។

    ជាការឆ្លើយតបលោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ខេត្តប៉ៃលិន ជាខេត្តដែលមានសក្តានុពលលើវិស័យកសិកម្ម, វិស័យពាណិជ្ជកម្ម និងវិស័យទេសចរណ៍ ក្នុងនោះខេត្តប៉ៃលិន ក៍មានធនធានរ៉ែដ៏សម្បូរបែបផងដែរ ដូចជា រ៉ែត្បូង រ៉ែមាស និងរ៉ែលោហផ្សេងៗជាច្រើនទៀត ដូច្នេះលោកជំទាវសូមស្វាគមន៍ចំពោះក្រុមហ៊ុនវិនិយោគស្របច្បាប់ ទាំងជាតិ និងអន្តរជាតិ ដើម្បីចូលរួមជម្រុញកំណើនសេដ្ឋកិច្ចខេត្ត ឱ្យមានការរីកចម្រើនឡើង ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

    លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ ទិសដៅរបស់រាជរដ្ឋាភិបាល គឺចង់ឃើញមានការវិនិយោគលើវិស័យនានាច្រើននៅកម្ពុជា ដែលនេះស្របទៅគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ ២០១៥-២០២៥ និងការខិតខំជំរុញឱ្យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០ ដោយត្រូវប្ដូរមកប្រើធនធានបច្ចេកទេសខ្ពស់ និងការប្រើប្រាស់បច្ចេកវិទ្យាជាដើម ដូច្នេះការវិនិយោគរបស់វិស័យឯកជន គឺជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត ស្របតាមគន្លឹះអាទិភាព គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕

    spot_img

    អត្ថបទទាក់ទង

    spot_img