More

    ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធដែលឈរជើងការពារព្រំដែន និងពិនិត្យបង្គោលព្រំដែន ដែលបានបោះរួច តាមបណ្តោយខ្សែក្រវ៉ាត់ព្រំដែន រវាងព្រំប្រទល់កម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកអណ្តូងមាសខេត្តរតនគិរី

    spot_img

    ការចុះសួរសុខទុក្ខនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ នៅក្នុងឱកាសនោះ ឯកឧត្ត គិត ទ្រី បានជួបសំេណះសំណាលជាមួយកងកម្លាំងវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ២០៣ ដោយឯកឧត្តម បានកោតសសើរ និងថ្លែងអំណរគុណដល់កងកម្លាំង ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារបូរណៈភាពទឹកដី ជាពិសេស គឺតស៊ូរបស់កងកម្លាំងមិនគិតការលំបាក។ ឯកឧត្តម តំណាងរាស្រ្តបានផ្តាំផ្ញើដល់កម្លាំងទាំងអស់ ត្រូវរួមសហការគ្នាសាមគ្គីភាពផ្ទៃក្នុង ទំនាក់ទំនងកិច្ចសហការជាមួយប្រទេសភូមិផងរបងជាមួយគ្នា បន្តខិតខំយកចិត្តទុកដាក់អនុវត្ត តួនាទី ភារកិច្ច ការពារសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ទន្ទឹមនឹងនេះឯកឧត្តមបានណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងឈរជើងតាមខ្សែក្រវ៉ាត់ព្រំដែន នៅក្នុងភូមិសាស្រ្ត នៃខេត្តរតនគិរីត្រូវថែទាំសុខភាពឲ្យបានល្អ និងត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវវិន័យរបស់កងកម្លាំងឲ្យបានល្អប្រសើរ។

    ទាក់ទង ទៅនឹងការលើកឡើងរបស់ក្រុមជ្រុលនិយម ដែលបានបំផុសព័ត៌មានញុះញង់ថា រាជរដ្ឋាភិបាលកម្ពុជា បានកាត់ខេត្តទាំង៤របស់កម្ពុជា ក្នុងនោះមានខេត្តរតនគិរី ទៅអោយប្រទេជិតខាង ឯកឧត្តម គិត ទ្រី បានបញ្ជាក់ថា មិនមានបាត់ដី និងបង្ខិតបង្គោលព្រំដែនកម្ពុជាទៅណានោះទេ សូមប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ទស្សនាកម្សាន្តផ្ទាល់ពីការអភិវឌ្ឍនៅតំបន់នេះ។  ជាក់ស្តែងស្ថានភាពនៅខ្សែបន្ទាត់ព្រំដែន និងបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម នៅក្នុងភូមិសាស្រ្តនៃខេត្តរតនគិរី មិនមានបាត់ទៅណានោះទេ រាជរដ្ឋាភិបាល ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានកសាងបន្ទាត់ខ្សែក្រវ៉ាត់ព្រំដែន មិត្តភាព សន្តិភាព ជាមួយបណ្តាប្រទេសជិតខាង ជាពិសេស ប្រទេសវៀតណាម បានប្រមាណ៩០%រួចមកហើយ។

    ឯកឧត្តម បញ្ជាក់ថា ស្រុកអណ្តូងមាសមានព្រំប្រទល់ជាប់ នឹងស្រុកយ៉ាហឺដឺរ៉ាយខេត្តកន្ទូម ប្រទេសវៀតណាម។ ស្រុកអណ្តូងមាស បច្ចុប្បន្ន មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយក៏សូមឲ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស សូមចូលរួមទស្សនាកំសាន្តនៅទឹកដីមួយនេះ ជាពិសេស ពិនិត្យតាមខ្សែបន្ទាត់ព្រំដែន និងបង្គោលព្រំដែន ក្នុងភូមិសាស្រ្តខេត្តរតនគិរី ហើយកុំជឿតាមការញុះញង់របស់ក្រុមជ្រុលនិយមមួយក្ដាប់តូច ដែលថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាការកាត់ទឹកដី ឲ្យភាគីណាមួយ គឺមិនពិតនោះទេ ។ ឯកឧត្តម បានអំពាវនាវដល់សាធារណជនទាំងអស់ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវតែការពារ ឲ្យខាងតែបាននូវសន្តិភាព ស្ថិរភាពសង្គមនិងសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងប្រទេស មិនឲ្យក្រុមឧទ្ទាមជ្រុល និយមណាមួយមកបំផ្លិចបំផ្លាញដល់សន្តិភាពបានជាដាច់ខាត។

    នាឱកាសនោះដែរ ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្រ្ត មណ្ឌលរតនគិរី បាននាំយកគ្រឿងឧបភោកបរិភោគជូនវរៈនគរបាល និងវរៈយោធាដែលឈរជើងការពារព្រំដែន នៅក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស ក្នុងមួយវរៈទទួលបាន មី១០កេស ត្រីខ ១កេស ទឹកសុីអុីវ៥យួរ ទឹកត្រី៥ យួរ ទឹកសុទ្ធ១០យួរ និងអង្ករ១០បេ តូច៕

    spot_img

    អត្ថបទទាក់ទង

    spot_img