(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងបណ្ឌិត ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ និងសប្បុរសជន នាំយកអំណោយជាគ្រឿងឧបភោគបរិភោគជូនមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ដែលមានទីតាំងស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
តាមរយៈរបាយការណ៍ លោកប្រធានមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត ផ្អែកលើសហគមន៍បានរាយការណ៍ពីសកម្មភាពការងារថា មជ្ឈមណ្ឌលចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១០ ខែសីហា ២០១៧ បើកប្រើប្រាស់នៅថ្ងៃទី២២ ខែមីនា ២០២២ មជ្ឈមណ្ឌលមានមន្ត្រីបំរើការងារចំនួន ៤៩នាក់ ស្រី ១១នាក់ មជ្ឈមណ្ឌលមានអគារចំនួន ២៣ខ្នងស្មើនឹង ៧៧បន្ទប់ស្នាក់នៅ។ ចាប់ពីឆ្នាំ២០២០ មកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលបានទទួលជនរងគ្រោះប្រើប្រាស់គ្រឿងញៀនចំនួន ៣ ៥៩១នាក់ ស្រី ១៣៩នាក់ បានបញ្ចប់កម្មវិធី និងធ្វើសមាហរណកម្មអ្នកជាសះស្បើយពីគ្រឿងញៀនចូលទៅសហគមន៍ និងក្រុមគ្រួសារចំនួន ១ ៧៣៧នាក់ ស្រី ៧៤នាក់ ហើយអ្នកកំពុងទទួលសេវាព្យាបាលស្នាក់នៅបន្តមានចំនួន ១ ៨៥៤នាក់ ស្រី ៦៥នាក់។ មណ្ឌលបានធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈមានដូចជា កម្មវិធីមិត្តអប់រំមិត្ត អប់រំចិត្តសាស្ត្រ លំហាត់ប្រាណ កីឡា ហត្ថកម្ម ពលកម្ម កសិកម្ម បំនិនជីវិត រោងជាងជាដើម។
លោក ម៉ាង ស៊ីណេត មានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត បានដឹកនាំប្រតិភូសួរសុខទុកប្អូនៗដែលមានវត្តមាននៅទីនេះ សង្ឃឹមថា ប្អូនដែលបានបញ្ចប់ការព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនសូមកុំពាក់ព័ន្ធបន្តទៀត ព្រោះការពាក់ព័ន្ធវាមិនបាននាំអ្វីមកល្អនោះទេ ការប្រើប្រាស់គ្រឿងញៀននាំឱ្យអន្តរាយដល់ក្រុមគ្រួសារ ខាតបង់ថវិកាថែមទៀតផង យើងត្រូវគិតគូរខ្លួនយើងមិនត្រូវប៉ះពាល់គ្រឿងញៀន ព្រោះវាបានបំផ្លាញសុខភាព សេដ្ឋកិច្ចគ្រួសារ បាត់បង់ថវិកា ប៉ះពាល់កិត្តិយសក្រុមគ្រួសារដែលសង្គមស្អប់ខ្ពើម ការប្រើប្រាស់គ្រឿងញៀនបង្កឱ្យមានជាអំពើហឹង្សាក្នុងគ្រួសារ និងបង្កអសន្តិសុខដល់សង្គមជាតិថែមទៀតផង។
ក្នុងឱកាសនោះអភិបាលខេត្ត បានជូនពរក្មួយៗនៅក្នុងមណ្ឌលត្រូវបេ្តជ្ញាចិត្តទាំងអស់គ្នាថា មិនត្រូវមានការពាក់ព័ន្ធនឹងគ្រឿងញៀនទៀតទេ ត្រូវបេ្តជ្ញាចិត្តថា មិនចូលមកក្នុងមណ្ឌលជាលើកទីពីរ ព្យាបាល ហើយក៏ត្រូវធ្វើការកែប្រែខ្លួនឱ្យក្លាយជាខ្លួនជាមនុស្សល្អ ពលរដ្ឋល្អ ដើម្បីក្រុមគ្រួសារ និងសង្គមជាតិ។
ជាមួយគ្នានេះអភិបាលខេត្ត បាននាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតឧបត្ថម្ភជូនមណ្ឌលចំនួន ១០លានរៀល ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ឧបត្ថម្ភសាច់ជ្រូក ២ក្បាល ស្មើ ៤៥០គីឡូក្រាម លោកឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ថវិកា ១ ០០០ដុល្លាអាមេរិក និងសប្បុរសជនក៏បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគមានដូចជា៖
១.BOLAI CASINO អង្ករ ១០តោន ទឹកស៊ីអ៉ីវ ២០០យួរ ទឹកត្រី ២០០យួរ មី ២០០កេសតូច
២.WM CASINO អង្ករ ៥តោន
៣.KWANG TUNG HONG KONG អង្ករ ៥តោន
៤.YA ZHOU YI HAO អង្ករ ៥តោន
៤.ML.VILLA អង្ករ៥តោន។