ខេត្តព្រះសីហនុ៖
នៅព្រឹកថ្ងៃសុក្រ ត្រូវនឹងថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៤នេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានកិត្តិយសក្រុមការងារសមាគមយុវជនក្រុម៨ខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារសមាគមយុវជនក្រុម៨ខេត្តព្រះសីហនុ និងក្រុងព្រះសីហនុ តំណាង ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ បាននាំយកទឹកសុទ្ធកម្ពុជាចំនួន៥០០កេស ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្ដែង។
នាឱកាសនេះ ឯកឧត្តម ម៉ាង សុីណេត ប្រធានស្ដីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមយុវជនក្រុម៨ ដែលតែងតែចូលរួមសកម្មភាពការងារមនុស្សធម៌ក្នុងខេត្តព្រះសីហនុ ជាក់ស្ដែងថ្ងៃនេះបានចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដោយនាំយកមកនូវទឹកសុទ្ធកម្ពុជាចំនួន៥០០កេស ដើម្បីបំរើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។
ជាចុងបញ្ចប់ គណៈកិត្តិយស គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សូមជូនពរជ័យដល់ សមាគមយុវជនក្រុម៨ បានសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕