ឯកឧត្តម គិត ទ្រី សមាជិករដ្ឋសភា និងជាអ្នកតំ
ណាងរាស្រ្ត មណ្ឌលរតនគិរី នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះបាន នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ ទេយ្យទានមួយចំនួនធំ និងបច្ច័យ ប្រគេនព្រះសង្ឃចំនួន៥វត្ត ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅស្រុកវើនសៃរួម
មានវត្តប៉ុង វត្តហ្វាំង វត្តវើនសៃ វត្តប៉ាកកាឡាន់
និងវត្តកាឡាន់ញ៉ៃ។
ក្នុងឱកាសនោះ ឯកឧត្តម គិត ទ្រី បានមានប្រសាសន៍ថា៖ ទៀនព្រះវស្សា និងទេយ្យវត្ថុដែលនាំមកប្រគេនព្រះសង្ឃនាពេលនេះ គឺសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ព្រះសង្ឃ ក្នុងរយៈពេលគង់ចាំព្រះវស្សាអស់ត្រីមាស នៅតាមទីវត្តអារាមនានា ដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ដោយរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ និងដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ ជីដូនជីតា ញាតិការទាំង៧សណ្តាន និងជូនដល់វិញ្ញាណក្ខន្ធបុព្វបរុសខ្មែរ យុទ្ធជន យុទ្ធនារីខ្មែរ ទាំងឡាយ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិឱ្យបានទៅកាន់សុគតិភព និងចាប់បដិសន្ឋិនៅទីឋានដ៏គាប់ប្រសើរ ។ ឯកឧត្តមបន្តថា៖ ដោយឡែកសម្រាប់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ បានចាត់ទុកទីវត្តអារាម គឺមិនត្រឹមតែបម្រើវិស័យសាសនាប៉ុណ្ណោះទេ វាគឺជាទីកន្លែងសក្ការៈបូជារបស់បងប្អូនពុទ្ធបរិស័ទថែមទៀត គឺជាទីកន្លែងដែលប្រមូលផ្តុំនូវវប្បធម៌ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សជាជង្រុក នៃមូលដ្ឋានគ្រឹះអក្សរសាស្ត្រជាតិ អរិយធម៌ វប្បធម៌ខ្មែរយើងយ៉ាងពិតប្រាកដមិនអាចខ្វះបានឡើយ ។
ឯកឧត្តមបានគូសបញ្ជាក់ថា៖យើងទាំងអស់គ្នាតែងតែគោរពប្រពៃណីសាសនាព្រះពុទ្ធ គឺព្រះសង្ឃត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយ ត្រីមាស ទើបឯកឧត្តម និងពុទ្ធបរិស័ទ បាននាំយកនូវទេយ្យវត្ថុដើម្បីវេរប្រគេនព្រះសង្ឃ សម្រាប់បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌វិន័យ។ ចំពោះការប្រគេនទៀនព្រះវស្សានេះ គឺការប្រារព្ធធ្វើទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម័យកាលយូរលង់ណាស់មកហើយ។ ពិធីចូលកាន់ព្រះវស្សានេះ គ្រប់វត្តអារ៉ាមទទួលបានការដង្ហៃរទៀនចូលពីពុទ្ធបរិសទ័ដោយមិនកំណត់នោះឡេីយ ពោលគឺអាស្រយ័ចំណូលចិត្តរបស់ពុទ្ធបរិសទ័ដែលមេីលឃេីញកង្វះខាតរបស់វត្ត ពិសេសតំរូវការចាំបាច់របស់ព្រះសង្ឃ៕