More

    អាជ្ញាធរចេញសេចក្តីជូនដំណឹងស្តីពីការរុះរើស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ គ្រឿងស្រវឹងគ្រប់ប្រភេទក្នុងភូមិសាស្ត្រក្រុងបាត់ដំបង

    spot_img

    (បាត់ដំបង) យោងតាមស្មារតីកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលក្រុងបាត់ដំបង បានជម្រាបជូនដំណឹងដល់គ្រប់ម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ភេសជ្ជៈដ្ឋាន និងក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ដែលបានដាក់តាំងប៉ាណូ ស្លាកសញ្ញាផ្សព្វផ្សាយតាមដងផ្លូវ លើចិញ្ចើមផ្លូវសាធារណៈ និងទីតាំងអាជីវកម្ម ត្រូវធ្វើការរុះរើចេញជាបន្ទាន់។

    ព្រោះកន្លងមករដ្ឋបាលក្រុងបាត់ដំបង បានសង្កេតឃើញថាមានការដំឡើងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ស្រាបៀរជាច្រើន និងគ្រឿងស្រវឹងគ្រប់ប្រភេទ តាមបណ្តោយផ្លូវនិងចិញ្ចើមផ្លូវសាធារណៈនានាក្នុងក្រុងបាត់ដំបង ដែលបានធ្វើឱ្យបាត់បង់នូវសោភ័ណភាព សេចក្តីថ្លៃថ្នូរ របៀបរៀបរយនិងសណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយដើម្បីធានាបានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ និងចូលរួមកាត់បន្ថយការសេពគ្រឿងស្រវឹង ការកាត់បន្ថយអំពើហិង្សា ព្រមទាំងការកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗបណ្តាលមកពីគ្រឿងស្រវឹង ជាពិសេសដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាព សេចក្តីថ្លៃថ្នូរ និងរក្សាបាននូវសោភ័ណភាពនៅក្នុងភូមិសាស្ត្រក្រុងបាត់ដំបង រដ្ឋបាលក្រុងបាត់ដំបង ស្នើអោយលោក លោកស្រីជាម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ដែលបានដាក់តាំងប៉ាណូ ស្លាកសញ្ញាផ្សព្វផ្សាយតាមដងផ្លូវ លើចិញ្ចើមផ្លូវសាធារណៈ និងទីតាំងអាជីវកម្ម ត្រូវធ្វើការរុះរើចេញជាបន្ទាន់ក្នុង រយៈពេលមួយសប្តាហ៍ (ប្រាំពីរថ្ងៃ) គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

    ម្យ៉ាងវិញទៀត រដ្ឋបាលក្រុងបាត់ដំបង សូមធ្វើការហាមឃាត់រាល់ការលក់ដូរ ស្រាបៀរ-គ្រឿងស្រវឹងគ្រប់ប្រភេទ ជូនដល់អនីតិជនអាយុក្រោម ១៨ឆ្នាំ និងមិនអនុញ្ញាតឱ្យអនីតិជនអាយុក្រោម ១៨ឆ្នាំ ទិញ-ដូរស្រាបៀរ គ្រឿងស្រវឹង គ្រប់រូបភាពក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះ ហើយក្នុងករណីផុតកាលបរិច្ឆេទកំណត់ខាងលើគ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ពុំព្រមធ្វើការរុះរើតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុងបាត់ដំបង នឹងចាត់វិធានការតាមនីតិវិធី ធ្វើការរុះរើដោយមិនទទួលខុសត្រូវរាល់ការខូចខាត និងបាត់បង់សម្ភារៈនោះឡើយ  រីឯការចំណាយផ្សេងៗជាបន្ទុករបស់ម្ចាស់អាជីវកម្មផងដែរ៕

    spot_img

    អត្ថបទទាក់ទង

    spot_img