More

    បុរសម្នាក់ដើរដាក់អន្ទាក់សត្វ និងទាក់សត្វលលកនៅលើភ្នំជាន់មីនស្គរផ្ទុះដាច់ជើងម្ខាង រងរបួសធ្ងន់

    spot_img

    ខេត្តប៉ៃលិន ៖ បុរសម្នាក់រងរបួសដាច់ជើងខាងស្តាំ និងរងរបួសជើងឆ្វេង ព្រមទាំងអំបែងថ្មខ្ទាតមុតខ្លួនយ៉ាងដំណំ ខណ:ដើរទៅដាក់អន្ទាក់សត្វលើភ្នំ ស្រាប់តែដើរជាន់គ្រាប់មីនស្គរ ដែលនៅសេសសល់កាលពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះយ៉ាងកក្រើករងរបួសធ្ងន់តែម្តង។
    ហេតុការណ៍បុរសម្នាក់ ដើរដាក់អន្ទាក់សត្វនៅលើភ្នំជាន់មីន ផ្ទុះរងរបួសដាច់ជើងម្ខាងនេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៤០នាទីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភ្នំ២០០ ក្រោយកាស៊ីណូម្កុដពេជ្រ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
    ប្រភពព័ត៌មានពីលោក អ៊ិន ស្រៀង មេភូមិផ្សារព្រំ បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ហ៊ូ វណ្ណា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិខាងលើ ហើយជនរងគ្រោះខាងលើ ជាអ្នក ដែលធ្លាប់ប្រើប្រាស់គ្រឿងញៀន។
    ប្រភពបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ បានដើរដាក់អន្ទាក់សត្វ និងដើរទាក់សត្វលលកនៅតាមព្រៃភ្នំ ដើម្បីយកមកលក់បានថវិកាមួយចំនួនសម្រាប់ទិញម្ហូបអាហារ ដោយគាត់បានដើរជាមួយនឹងក្រុមដែលប្រើប្រាស់គ្រឿងញៀន។ តែកាលពីមុន គាត់គឺជាមនុស្សល្អ ដែលចេះលេងភ្លេងបុរាណខ្មែរ នៅតាមរោងការ ដើម្បីបានថវិកាផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ។ ប៉ុន្តែ ក្រោយពីដើរលេងជាមួយនឹងក្រុមមនុស្សប្រើប្រាស់ថ្នាំញៀន ក៏បែកឆ្វេងតែម្តង។
    លោកបន្តទៀតថា នៅល្ងាចថ្ងៃកើតហេតុ ជនរងគ្រោះ ដើរទៅទាក់សត្វលលកនៅលើភ្នំ២០០ក្រោយកាស៊ីណូម្កុដពេជ្រ ស្រាប់តែជាន់លើមីនស្គរ បណ្តាលឱ្យផ្ទះរងរបួសធ្ងន់ ក៏ត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរភូមិទាក់ទងរថយន្តឱ្យដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ តែដោយសាររបួសធ្ងន់ធ្ងរពេក ក៏ដឹកបញ្ជូនបន្តទៅខេត្តបាត់ដំបង៕

    spot_img

    អត្ថបទទាក់ទង

    spot_img