More

    សំណង់អត់ច្បាប់មួយកន្លែង បើទោះជាអាជ្ញាធរចេញលិខិតផ្អាក ក៏នៅបន្តការ សាងសង់បានដោយរលូន

    spot_img

    កោះកុង ÷សំណង់រឹងមាំពីរជាន់មួយកន្លែង ក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នៅពុំទាន់មានច្បាប់សាងសង់ពីអាជ្ញាធរ និងជំនាញពាក់ព័ន្ធនៅឡើយទេ តែសំណង់មួយនេះ បែជាអាចធ្វើការសាងសង់បានដោយរលូន ពុំខ្វល់ខ្វាយពីច្បាប់អ្វីទាំងអស់ ។

    បើតាមការលើកឡើងពីមន្ត្រីសាលាឃុំម្នាក់ ដែលថ្លែងក្នុងលក្ខន្ធមិនបញ្ចេញឈ្មោះ បានលើកឡើងថា រាល់សំណង់ត្រូវតែធ្វើការសុំច្បាប់សាងសង់ជាមុន ទើបអាចធ្វើការសាងសង់បាន បើម្ចាស់សំណង់រូបណា ហ៊ានសាងសង់មុនច្បាប់អនុញ្ញាតនោះ គឺជាទង្វើមួយខុសពីផ្លូវច្បាប់បាត់ទៅហើយ តែបើមានការលួចសាងសង់ ដោយគ្មានច្បាប់ទៀតនោះ គឺជាទង្វើខុសច្បាប់ទាំងស្រុង តែម្តង ដោយម្ចាស់សំណង់ត្រូវតែទទួលខុសត្រូវទាំងស្រុង នូវរាល់ការប៉ះពាល់នានា ដោយពុំមានការទទួលបានសំណងអ្វីត្រឡប់ទៅវិញឡើយ ។

    ពាក់ព័ន្ធទៅនិងការសាងសង់សំណង់រឹងមាំខាងលើ ត្រូវបានម្ចាស់សំណង់អះអាងតាមទូរស័ព្ទ នៅល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នេះថា សំណង់របស់លោក គឺលោកធ្វើការជួសជុលឡើងវិញ ដោយពីមុនជាសំណង់ប្រភេទឈើ តែក្រោយការជួសជុលរូបលោកបានរៀបជាថ្មវិញ ។

    ប្រភពដដែលបានអោយដឹងទៀតថា ជំនាញភូមិបាល បានអនុញ្ញាតអោយខាងលោក ធ្វើបណ្តើរៗទៅ ចាំខាងភូមិបាលជាអ្នករត់ការសុំច្បាប់អោយតាមក្រោយ បើមិនជឿទេ អោយសួរទៅឈ្មោះ អូន ជំនាញភូមិបាលទៅដឹងហើយ ។

    ចំពោះ លោក រស់ ស៊ីថា ប្រធានភូមិបាលស្រុកមណ្ឌលសីមា បានអោយដឹងថា សំណង់របស់លោក សាន ប៊ុនរ៉ុង ខាងលើ គឺពុំមានច្បាប់អនុញ្ញាតនោះទេ សំណង់នេះគឺសាងសង់ខុសច្បាប់ទាំងស្រុង ដោយបានសាងសង់លើចំណីផ្លូវថែមទៀតផង បើទោះបីជាម្ចាស់សំណង់ចង់សុំច្បាប់សាងសង់ ក៏ជំនាញពុំអាចអនុញ្ញាតច្បាប់អោយបានឡើយ លុះត្រាណាម្ចាស់សំណង់ឯកភាពតាមជំនាញ ព្រោះសំណង់របស់គាត់ បានសាងសង់នៅលើចំណីផ្លូវសាធារណៈ ហើយខាងជំនាញ និងអាជ្ញាធរ ក៏បានចុះទៅធ្វើការហាមឃាត់ និងធ្វើកិច្ចសន្យាម្តងរួចហើយ ។

    ដោយឡែក លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា បានឡើងថា សំណង់នេះ លោកបានអោយខាងជំនាញ និងអាជ្ញាធរមូលដ្ឋាន ចេញលិខិតផ្អាកហើយ បើម្ចាស់ទីតាំងនៅតែពុំព្រមស្តាប់ និងបន្តការសាងសង់ គឺខាងអាជ្ញាធរ និង អនុវត្តវិធានការរដ្ឋបាល  ដូចជាមានការដកហូតនូវសម្ភារៈសាងសង់នានាជាដើម ។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ អាជ្ញាធរស្រុកមណ្ឌលសីមា និងជំនាញពាក់ព័ន្ធ បានចេញលិខិតផ្អាកការដ្ឋាន សាងសង់របស់បុគ្គល ឈ្មោះ សាន ប៊ុនរ៉ុង ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដោយសារសំណង់របស់គាត់នៅពុំទាន់មានលិខិតអនុញ្ញាតសាងសង់នៅឡើយ។ តែអ្វីដែលធ្វើអោយមហាជន មានការចាប់អារម្មណ៍នោះ គឺដោយសារតែបច្ចុប្បន្ន សំណង់ខាងលើ នៅតែបន្តការសាងសង់បានដដែល រហូតដល់ពួកគាត់បានដាក់ជាសំនួរថា តើម្ចាស់សំណង់ខាងលើ មានខ្សែខ្នងធំនៅពីក្រោយឬយ៉ាងណា ? ឬថាគាត់មានមន្តគាថាអ្វីពិសេសដើម្បីយកទៅធ្វើការបិតបាំងភ្នែកអាជ្ញាធរ និងជំនាញពាក់ព័ន្ធ ទើបគាត់នៅតែអាចបន្តការសាងសង់បានយ៉ាងរំភើយ ដោយពុំខ្វល់ខ្វាយ និងខ្លាចញញើតផ្លូវច្បាប់បន្តិចសោះឡើង បើទោះបីជាកន្លងមកគាត់ធ្លាប់ទទួលបានលិខិតផ្គាក់ការដ្ឋានពីសំណាក់អាជ្ញាធរម្តងរួចមកហើយក្តី ហើយមហាជននិងរងចាំមើលថា តើអាជ្ញាធរអាចនិងមានវិធានការបន្តដែរ ឬយ៉ាងណា បើសព្វថ្ងៃសំណង់ខាងលើ នៅតែធ្វើការសាងសង់បែបនេះ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img