More

    ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ រដ្ឋាភិបាលកម្ពុជានៅតែបន្តមានឆន្ទៈក្នុងការផ្តល់លទ្ធភាពខ្ពស់ទៅឲ្យបណ្តារាជធានី-ខេត្ត ធ្វើការទាក់ទាញអ្នកវិនិយោគតូចធំ ដើម្បីជំរុញការអភិវឌ្ឍន៍លើគ្រប់វិស័យ

    spot_img

    (ព្រះសីហនុ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តមានឆន្ទៈខ្ពស់ ពោលគឺបានផ្តល់នូវលទ្ធភាពខ្ពស់ទៅឲ្យអភិបាលតាមបណ្តារាជធានី-ខេត្តទាំងអស់ ក្នុងការទាក់ទាញអ្នកវិនិយោគតូចធំ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលទៅក្នុងខេត្ត ហើយជាលទ្ធផលឃើញថាក៏មានបណ្តារាជធានី-ខេត្តមួយចំនួនបានប្រព្រឹត្តទៅយ៉ាងរលូនដោយមានការវិនិយោគច្រើនគួកត់សម្គាល់។

    អភិសន្តិបណ្ឌិត ស សុខា លើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មពិធី ប្រកាសតែងតាំងលោក ម៉ាង ស៊ីណេត ជាអភិបាលខេត្តព្រះសីហនុថ្មីជំនួសលោក គួច ចរើន ដែលត្រូវបានផ្ទេរភារកិច្ចទៅទទួលមុខតំណែងថ្មីជាអភិបាលខេត្តកណ្ដាល ពិធីនេះបានប្រារព្ធធ្វើនៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ។

    ឧបនាយករដ្ឋមន្ត្រីបានថ្លែងថា ខេត្តព្រះសីហនុគឺជាខេត្តប៉ូលសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលបានចាត់ទុកជាខេត្តគំរូពហុបំណងបាននិងកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យក្នុងនោះរួមមានវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍កសិកម្មដូចនេះទាមទារឲ្យថ្នាក់ដឹកនាំអាជ្ញាធរខេត្តត្រូវកៀងគរអ្នកវិនិយោគទាំងក្នុងស្រុកក្រៅស្រុកមកបណ្ដាក់ទុនបន្ថែមដើម្បីធ្វើយ៉ាងណាឲ្យកំណើននៃការអភិវឌ្ឍន៍កាន់តែមានសន្ទុះបន្ថែមទៀត។

    លោកឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់និងរក្សាបាននូវការអភិវឌ្ឍ គឺទាមទារឲ្យថ្នាក់ដឹកនាំអាជ្ញាធរខេត្តនិងអង្គភាពពាក់ព័ន្ធគ្រប់លំនិតថ្នាក់ ត្រូវចូលរួម ពង្រឹងបង្ក្រាបការជួញដូរចែកចាយរគ្រឿងញៀន បង្ក្រាបបទល្មើសការជួញដូរស្ត្រីនិងកុមារ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់លើផ្ទៃសមុទ្រ រក្សាសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានល្អជូនប្រជាពលរដ្ឋអ្នកវិនិយោគភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បង្កើនរក្សាសន្តិសុខភូមិឃុំមានសុវត្ថិភាពនិងជំរុញផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋច្រកចេញចូលទីមួយឲ្យកាន់តែល្អប្រសើរ ដើម្បីឲ្យបងមកទទួលសេវាមានភាពងាយស្រួលលឿន និងទាន់ពេលវេលាទៅតាមតម្រូវការរបស់ពួកគាត់។

    លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យអភិបាលខេត្តព្រះសីហនុទើបទទួលតំណែងថ្មី ត្រូវបន្តការដឹកនាំប្រកបដោយការអភិវឌ្ឍ និងធ្វើយ៉ាងណាឱ្យពលរដ្ឋមានជំនឿចិត្ត កុំធ្វើឱ្យមានការបែកបាក់ផ្ទៃក្នុងរដ្ឋបាលខេត្តទាំងមូល ធ្វើយ៉ាងណាត្រូវមានការសហការគ្នាឱ្យបានរលូន។

    ក្នុងឱកាសនោះលោក ម៉ាង ស៉ីណេត អភិបាលខេត្តព្រះសីហនុបានប្តេជ្ញាចិត្តដោយលើកឡើងថា ដោយមានទំនុកចិត្តពីថ្នាក់ដឹកនាំលោកនឹងខិតខំយកអស់កម្លាំងកាយចិត្តស្មារតីក្នុងការដឹកនាំខេត្តព្រះសីហនុឲ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ចូលរួមលើកកម្ពស់គោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីសុខសន្តិភាពជូនប្រជាពលរដ្ឋភ្ញៀវទេសចរណ៍អ្នកវិនិយោគដែលមកបណ្ដាក់ទុននៅលើទឹកដីខេត្តព្រះសីហនុ និងប្ដេជ្ញាបង្ក្រាបរាល់បទល្មើសនានាដែលកើតឡើងនៅលើទឹកដីខេត្តព្រះសីហនុ ៕

    spot_img

    អត្ថបទទាក់ទង

    spot_img