នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន AMIDA POWER Inc. ដឹកនាំដោយលោក TSUKASA SAKURADAN អគ្គនាយកក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបពិភាក្សានាព្រឹកនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យលទ្ធភាពលើការដាក់ទុនវិនិយោគរបស់ក្រុមហ៊ុន ក្រោយបានសិក្សាអំពីកាលានុវត្តភាព និងសក្តានុពលលើវិស័យមួយចំនួននៅកម្ពុជា រួមមានដូចជា រ៉ែ ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ការស្តារលទ្ធភាពបឹងទន្លេសាប និងការចូលរួមអភិវឌ្ឍមូលធនមនុស្សផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែផ្តល់ជំនួយដល់កម្ពុជាលើគ្រប់វិស័យនៅគ្រប់កាលៈទេសៈ ជាពិសេសឆ្នាំ២០២៤នេះ ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន មានលក្ខណៈពិសេសចំនួនពីរនោះគឺ ខួបលើកទី៧០ឆ្នាំនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការការទូត និងការលើកកម្ពស់ទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ឱ្យទៅជា “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលជាទំនាក់ទំនងខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងប្រទេសទាំងពីរ៕
ក្រសួងព័ត៌មាន