ខេត្តប៉ៃលិន ៖ ស្រ្តីមេម៉ាយវ័យចំណាស់ មានជំងឺប្រចាំកាយម្នាក់ ត្រូវបានចោរចូលគាស់ជញ្ជាំងផ្ទះ(ស័ង្កសី) លួចយកសម្ភារ:ផ្ទះបាយអស់ខ្ទេចខ្ទី ខណ:ដែលគាត់ចេញទៅស្នាក់នៅព្យាបាលជំងឺឯផ្ទះកូនរបស់ខ្លួនឯក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អស់រយ:ពេលជាង១ខែ លុះពេលត្រឡប់មកដល់ផ្ទះវិញ គាត់ក្រឡេកឃើញជញ្ជាំងស័ង្កសីផ្ទះរបើក ដោយមានការសង្ស័យ ក៏ចាក់សោចូលទៅមើល ទើបដឹងថា ត្រូវចោរ ចូលគាស់ដើម្បីលួចសម្ភារ:តែម្តង។
ហេតុការណ៍បង្កឱ្យមានការភ្ញាកផ្អើលនេះ បានកើតឡើងកាលពីល្ងាច ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិអូរច្រាលិច សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយទទួលរងបាត់បង់សម្ភារ:ផ្ទះបាយដូចជា ចាន ឆ្នាំង ស្លាបព្រា អង្ករ គ្រឿងទេសធ្វើម្ហូប សម្លៀកបំពាក់ និងសម្ភារ:ផ្សេងៗ ជាច្រើនទៀត គិតជាទឹកប្រាក់ជិត១០០០ដុល្លារ។
បើតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឱ្យដឹងថា ស្រ្តីមេម៉ាយវ័យចំណាស់ មានឈ្មោះ ទី វន្នី អាយុ៦៣ឆ្នាំ រស់នៅក្នុងភូមិខាងលើ មានកូនចំនួន៤នាក់ (ប្រុស២ ស្រី២) មានគ្រួសារទាំងអស់ រស់នៅតាមខេត្តផ្សេងៗ។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ ស្រ្តីមេម៉ាយខាងលើ បានទៅសម្រាកព្យាបាលជំងឺនៅក្នុង មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនម្នាក់ឯង អស់រយ:ពេល៣ថ្ងៃ លុះកូនស្រីរស់នៅឯក្រុងប៉ោយប៉ែតដឹងដំណឹងម្តាយឈឺ ក៏ប្រាប់ឱ្យទៅសម្រាកព្យាបាលនៅឯផ្ទះរបស់ខ្លួន ព្រោះមានអ្នកមើលថែទាំ។ ក្រោយពេលគាត់ចេញទៅដេកព្យាបាលនៅផ្ទះកូនបានធូរស្បើយគ្រាន់បើ ក៏នឹកផ្ទះ រួចត្រឡប់មកវិញ។ តែគាត់ក៏តែងតែផ្តាំផ្ញើអ្នកជិតខាង និងកូនម្នាក់ រស់នៅក្បែរនោះឱ្យឧស្សាហ៍ដើរទៅអើតមើលជារឿយៗផងដែរ តែគ្មានឃើញអ្វីប្លែកនោះទេ។ ស្រាប់តែពេលគាត់ចុះពីលើរថយន្ត ដើរតម្រង់ទៅក្បែរជញ្ជាំងផ្ទះ ក៏ឃើញស័ង្កសីរបើក នោះគាត់គិតថា ប្រហែលមានអ្នកណាលួចគាស់ រួចគាត់ក៏ចាក់សោរទ្វារផ្ទះចូលទៅមើលខាងក្នុងផ្ទះ ឃើញអ្វីៗ នៅរាយប៉ាយ ទើបដឹងថា ត្រូវបានគេលួចយករបស់របរអស់តែម្តង។
ក្រោយពេលកើតហេតុ ស្រ្តីរងគ្រោះខាងលើ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បយ៉ាខា ដើម្បីធ្វើកំណត់ហេតុ និងតាមស៊ើបអង្កេត ដើម្បីចាប់ជនសង្ស័យយកមកអនុវត្តតាមផ្លូវច្បាប់។
ចំណែកប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន មានការភ័យខ្លាចរអារយ៉ាងខ្លាំង ខណ:ដែលនៅដើមខែមិថុនា ឆ្នាំ២០២៤នេះ ត្រូវបានចោរគាស់ផ្ទះអស់ចំនួន៣កន្លែង ដោយលួចយកសម្ភារ:ផ្សេងៗ អស់ជាច្រើន ដែលធ្វើឱ្យពួកគាត់ដេកមិនលក់បក់មិនល្ហើយ ក៏មិនហ៊ានចេញទៅធ្វើការនៅកន្លែងណាឆ្ងាយពីផ្ទះឡើយ៕