More

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គុណភាពនៃការអប់រំ បណ្តុះបណ្តាល ជាគន្លឹះក្នុងការធានាបាននូវគុណភាពធនធានមនុស្ស ដែលជាកត្តាកំណត់នូវសមត្ថភាពក្នុងការអភិវឌ្ឍ និងប្រកួតប្រជែង ប្រកបដោយចីរភាពរបស់ប្រទេសជាតិ

    spot_img

    នាព្រឹកថ្ងៃទី២៥ ខែ​​មិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។

    មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធីបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈ ក្រសួងអប់រំ យុវជន និង កីឡា ​បានដាក់ចេញវិធានការកែទម្រង់ស៊ីជម្រៅប្រកបដោយភាពបុរសកម្ម ច្នៃប្រឌិត និងត្រៀមលក្ខណៈយូរអង្វែង សំដៅជំរុញការធានាបានមូលធនមនុស្ស​ប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមចំណែកដល់ការកសាងសង្គមកម្ពុជា ដែលមានប្រជាជនប្រកបដោយចំណេះដឹង ទេពកោសល្យ សមត្ថភាពខ្ពស់ និងមានវប្បធម៌ជ្រៅជ្រះ ព្រមទាំងមានផលិតភាពការងារខ្ពស់ សម្រាប់ចូលរួមលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា ។ ក្នុងបរិការណ៍នេះ លើការពង្រឹងវិស័យអប់រំ ជាពិសេស​ផ្នែកបច្ចេកវិទ្យាព័ត៌មាន រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តនូវគោលនយោបាយសំខាន់ៗក្នុងគោលដៅអភិវឌ្ឍ និងធ្វើទំនើបកម្មឧស្សាហកម្ម តាមរយៈការកសាងនូវពលរដ្ឋឌីជីថល ដែលមានសមត្ថភាពទទួលយកបច្ចេកវិទ្យា និងដោយមានពុទ្ធិជាមូលដ្ឋាន ។ ក្នុង​ន័យ​នេះ ការផ្គត់ផ្គង់ធនធានមនុស្សដែលមានមូលធនមនុស្ស និងសមត្ថភាពខ្ពស់ ជាមួយនឹងចំណេះដឹងទូលំទូលាយលើផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យា សារគមនាគមន៍ និងនវានុវត្តន៍ ជាកត្តាចាំបាច់មួយសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ។

    ជាមួយការអបអរសាទរចំពោះការបង្កើតបណ្តាញ​សាកលវិទ្យាល័យសាយប័រកម្ពុជាប្រកបដោយភាពជោគជ័យ ដែលមកទល់ពេលនេះមានសាកលវិទ្យាល័យចំនួន ១២ បានចូលរួមជាសមាជិក និងបានអភិវឌ្ឍ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការអភិវឌ្ឍសមត្ថភាពមន្រ្តីពាក់ព័ន្ធ និងការផលិតមាតិកា និងខ្លឹមសារមេរៀន ជាដើម សម្តេចធិបតី ក៏បានលើកទ្បើងផងដែរថា គុណភាពនៃការអប់រំ បណ្តុះបណ្តាល ជាគន្លឹះក្នុងការធានាបាននូវគុណភាពធនធានមនុស្ស ដែលជាកត្តាកំណត់នូវសមត្ថភាពក្នុងការអភិវឌ្ឍ និងប្រកួតប្រជែង ប្រកបដោយចីរភាពរបស់ប្រទេសជាតិ ។ ទន្ទឹមនេះ ឱកាសក្នុងការទទួលបាននូវការអប់រំប្រកបដោយគុណភាព ជាកត្តាជួយកាត់បន្ថយគម្លាតនៃខួរក្បាល និងសមត្ថភាពរបស់បុគ្គលគ្រប់រូប។ ក្នុងន័យនេះ ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជាមិនត្រឹមតែជួយសម្រួលដល់និស្សិតអាចសិក្សាពីចម្ងាយ និងពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនៅឧត្តមសិក្សាប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជានិន្នាការសកលនៃការរៀបចំដំណើរការសិក្សាក្នុងយុគសម័យបរិវត្តកម្មឌីជីថល ដែលអាចផ្តល់ឱកាសដល់និស្សិតប្រើប្រាស់នូវធនធានសិក្សាឌីជីថលដ៏សម្បូរបែបយ៉ាងទូលំទូលាយ ព្រមទាំងអាចឆ្លើយតបទៅនឹងតម្រូវការផ្ទាល់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់។ លើសពីនេះ បណ្ដាញសាកលវិទ្យាល័យនេះ ក៏នឹងផ្តល់លទ្ធភាពដល់សាកលវិទ្យាល័យជាសមាជិក អាចចែករំលែក និងប្រើប្រាស់ធនធានហេដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សារួមគ្នា ដើម្បីផ្តល់សេវាសិក្សាពេញមួយជីវិត ពង្រីកអត្រាចូលរៀននៅឧត្តមសិក្សា និងកាត់បន្ថយគម្លាតនៃគុណភាពរវាងនិស្សិតនៅរាជធានី ខេត្ត និងជនបទ ក្នុងរយៈពេលវែង ផងដែរ ។

    ជាចុងក្រោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រី្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និង ការយកចិត្តទុកដាក់របស់ក្រសួងអប់រំ យុវជន និង កីឡា ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងដៃគូសហប្រតិបត្តិការរបស់គ្រឹះស្ថានឧត្តមសិក្សា​​នៅកម្ពុជា ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស​សម្រាប់​​​តម្រូវ​ការនៃការអភិវឌ្ឍ សង្គម និងសេដ្ឋកិច្ចជាតិ ។ ជាមួយគ្នា សម្តេចធិបតី ក៏បានអរគុណចំពោះដៃគូអភិវឌ្ឍទាំងអស់ ដែលបានជួយជ្រោមជ្រែងដល់ការបង្កើត និងកិច្ចដំណើរការនៃបណ្តាញសាកលវិទ្យាល័យសាប័រកម្ពុជាតាំងពីដំណាក់កាលដំបូង រហូតមកទល់ថ្ងៃសម្ពោធជាផ្លូវការនាពេលនេះ និងតទៅ​អនាគត ៕

    spot_img

    អត្ថបទទាក់ទង

    spot_img