នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ មន្ទីររៀបចំដែន ដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តរតនគិរីបានប្រារព្ធពិធីបិទផ្សាយ ជាសាធារណៈឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិខ្មាំង ភូមិស៊ូ និងភូមិញ៉ុល ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត។
លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបានលើកឡើងថា៖ ការបិទ ផ្សាយនូវឯកសារនៃការ វិនិច្ឆ័យដីធ្លីនេះ មានកាលកំណត់តែក្នុងរយៈពេល១៥ថ្ងៃប៉ុណ្ណោះ ដែលរាប់ចាប់ពីថ្ងៃទី២៤ ខែមិថុនាដោយគិតទាំងថ្ងៃឈប់សម្រាកផងដែរក្រោយការបិទផ្សាយនេះសូមបងប្អូនម្ចាស់ដីទាំងអស់ត្រូវតែទៅពិនិត្យមើលឱ្យបានគ្រប់គ្នា។លោកបានបន្តទៀតថា៖ អាជ្ញាធរខេត្ត បានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែល មានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ព្រោះមានសារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋ ម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើ ប្លង់រឹងលើដីធ្លី ដើម្បីធានា នូវសិទ្ធិធ្វើជាម្ចាស់ កាន់កាប់ ជាឯកសារសំអាងរឹងមាំបើមានជម្លោះដីពិសេសទៀតនោះ បានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយ យ៉ាងច្រើនទៀតផង។
ក្នុងឱកាសនេះ ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីធ្លីនៅក្នុងភូមិខាងលើ សូមបង្កលក្ខណៈផ្ដល់ភាពងាយស្រួលនិងចូលរួមសហការអោយបានរលូនជាមួយក្រុមការងាចុះបញ្ជីដីធ្លី ដើម្បីអោយការអនុវត្តតាមនិតិវិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងដើម្បីអោយប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដីដែលបញ្ជាក់ពីសិទ្ធិជាម្ចាស់ដីពិតប្រាកដ។ឯកឧត្តម អភិបាលរងខេត្តបានធ្វើការក្រើនរម្លឹកដល់មន្ត្រីជំនាញ និងប្រជាពលរដ្ឋត្រូវបន្តការយកចិត្តទុកដាក់ចូលរួមសហការឱ្យបានល្អថែមទៀត ដើម្បីជំរុញឱ្យការអនុវត្តនី តិវិធីនៃការចុះបញ្ជីដីធ្លីនេះប្រព្រឹត្ត ទៅដោយភាពរលូន។
សូមបញ្ជាក់ថា៖ លទ្ធផលការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលក្រុមការងារប្រតិបត្តិនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បានអនុវត្តនៃភូមិ ទាំង ៣ខាងលើរួមមាន៖ ភូមិខ្មាំងមានចំនួន១២៤គ្រួសារមានក្បាលដីសរុបចំនួន ៣២០ ក្បាលដី មាន ទំហំ ៦៥៩.៩៥៨៨ ហិកតា។ក្បាលដីដែលមកបំពេញទម្រង់បែបបទតាមលក្ខណៈផ្លូវច្បាប់មានចំនួន ២៦៨ក្បាលដី,ដីលំនៅឋាន ៩៧ ក្បាលដី,ដឹកសិកម្ម១៦៨ក្បាលដី,ដីសាលារៀន០១ក្បាលដី,ដឹកប់ខ្មោច០១ក្បាលដី,ក្បាលដីគ្មានទិន្នន័យមានចំនួន៥២ក្បាលដី។ ភូមិស៊ូមានចំនួន ១២៤គ្រួសារមានក្បាលដីសរុបចំនួន ៣៩៧ ក្បាលដី មានទំហំ ៨៨៩.១២៥៣ ហិកតា,ក្បាលដីដែលមកបំពេញទម្រង់បែបបទតាមលក្ខណៈផ្លូវច្បាប់មានចំនួន ៣៥៨ក្បាលដី,ដីលំនៅឋាន ១០២ក្បាលដី,ដឹកសិកម្ម ២៨០ក្បាលដី,ដីសាលារៀន ០១ក្បាលដី,ដីសាលារៀន០១ក្បាលដី,
ក្បាលដីគ្មានទិន្នន័យមានចំនួន ១៤ក្បាលដី។ ភូមិញ៉ុលមានចំនួន ៩៩គ្រួសារមានក្បាលដីសរុបចំនួន ៣៧៧ ក្បាលដីមានទំហំ ៩២៥.២៣៨២ ហិកតា,ក្បាលដីដែលមកបំពេញទម្រង់បែបបទតាមលក្ខណៈផ្លូវច្បាប់មានចំនួន ៣២៦ក្បាលដី,ដីលំនៅឋាន ៩៩ក្បាលដី,ដឹកសិកម្ម ២២៦ ក្បាលដី,អណ្តូងទឹក ០២ក្បាលដី៕