ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Andrew Herrup ភារធារីនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី២៤មិថុនានេះ។
ក្នុងជំនួបនាឱកាសនេះ លោកAndrew Herrup បានថ្លែងអំណរគុណ ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោក និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។
ជាមួយគ្នានោះ លោកភារធារី បានបញ្ជាក់អំពីការតាំងចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ពាណិជ្ជកម្ម រួមទាំងកិច្ចការងារវិនិយោគរវាងគ្នានិងគ្នាផងដែរ។ បន្ថែមពីនេះ លោក Andrew Herrup ក៏បានលើកឡើងអំពីលទ្ធភាពធ្វើការរួមគ្នាដើម្បីដោះស្រាយកង្វល់មួយចំនួន ដើម្បីបង្កបរិយាកាសឱ្យកាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិនបន្ថែមទៀតពីសហរដ្ឋអាមេរិក។
ឆ្លៀតក្នុងឱកាសនេះ លោក Andrew Herrup បានសម្តែងនូវចំណាប់អារម្មណ៍ ជាវិជ្ជមានចំពោះលទ្ធផលនៃដំណើរទស្សនកិច្ច របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុនចាន់ថុល ទៅកាន់សហភាពអ៊ឺរ៉ុប ក្នុងគោលដៅ ទាក់ទាញការវិនិយោគបន្ថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឆ្លៀតជម្រាបជូន ត្រួសៗអំពីលទ្ធផល ប្រកបដោយផ្លែផ្កាពីបេសកកម្ម គោះទ្វារវិនិយោគនៅសហភាពអ៊ឺរ៉ុប កាលពីថ្ងៃទី៩-១៨ ខែមិថុនា កន្លងទៅនេះ។ ដកស្រង់ពីបទពិសោធន៍និងលទ្ធផលនៃដំណើរទស្សកិច្ចទៅសហភាពអឺរ៉ុប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនភាគីមិត្តពីលទ្ធភាពនៃការធ្វើការរួមគ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអាមេរិក ដើម្បីពិនិត្យលទ្ធភាពក្នុងការសម្របសម្រួលរៀបចំព្រឹត្តិការណ៍ជំរុញវិនិយោគនៅសហរដ្ឋអាមេរិក តាមរយៈការរៀបចំជាវេទិការធុរកិច្ច និងការគោះទ្វារវិនិយោគតាមក្រុមហ៊ុនដែលមានបំណងពង្រីកខ្សែច្រវាក់ផលិតកម្ម និងផ្គត់ផ្គង់ក្នុងតំបន់ ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងលើកទឹកចិត្តនានា ជូនដល់ធុរជនអាមេរិក។ បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងបញ្ជ្រាបការឈ្វេងយល់ពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនទៅលោក Andrew Herrup ពីលទ្ធភាពធ្វើការរួមគ្នាដើម្បីដោះស្រាយកង្វល់របស់វិនិយោគិនអាមេរិកនៅកម្ពុជា តាមរយៈការរៀបចំនូវយន្តការរួមសម្រាប់កិច្ចសន្ទនាជាប្រចាំលើកិច្ចការងារវិនិយោគ ដើម្បីអាចឱ្យកម្ពុជាមានលទ្ធភាពសម្របសម្រួលដោះស្រាយបញ្ហានានារបស់វិនិយោគិនអាមេរិកបានកាន់តែឆាប់រហ័ស៕
ផេក៖ ឯកឧត្ដម ស៊ុនចាន់ថុល