នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៧៖៤០នាទី មានករណីឃាតកម្មគិតទុកមុន មួយកើតឡើងនៅសណ្ឋាគារអន្តរជាតិ មានទីតាំងតាមបណ្ដោយផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដោយជនសង្ស័យបានធ្វើសកម្មភាពចាក់សាំងដុតជនរងគ្រោះឈ្មោះ ZHANG GUANGLI ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន បណ្តាលឲ្យស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។ បន្ទាប់ពីធ្វើសកម្មភាពរួចជន សង្ស័យបានរត់គេចខ្លួនពីកន្លែងកើតហេតុ។
ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាកម្លាំងនាយកដ្ឋានចុះដឹកនាំសហការស្រាវជ្រាវ។
កម្លាំងនាយកដ្ឋានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋានបានដឹកនាំសហការស្រាវជ្រាវជាមួយកម្លាំងជំនាញរបស់ស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ, ស្នងការរដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងស្នងការរដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង រហូតមកដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចយើងបានធ្វើការបង្ក្រាបជាក់ស្ដែងឃាត់ខ្លួនបានជនសង្ស័យឈ្មោះ គៀន គន្ធា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុច ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ចាក់សាំងដុតជនរងគ្រោះបណ្តាលឲ្យស្លាប់ប្រាកដមែន ព្រោះខឹងជនរងគ្រោះមើលងាយខ្លួន ហើយបានបោកទូរស័ព្ទរបស់ខ្លួនចោល និងមិនព្រមបើប្រាក់ខែឲ្យខ្លួន។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្ម ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕