More

    ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រារព្ធខួប៤៧ឆ្នាំ នៃដំណើរឆ្ពោះទៅរក​ការតស៊ូរំដោះជាតិ

    spot_img

    (ភ្នំពេញ)៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ គឺជារយៈពេល ៤៧ឆ្នាំហើយ ដែលសម្តេច​តេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ៤រូបទៀត បានរួមគ្នាយកជីវិតធ្វើជា​ដើម​ទុន​ចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជា​ជន​កម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ ប៉ុល ពត និងបក្ខពួក។

    ថ្ងៃជាប្រវត្តិសាស្ត្រនៃការរំដោះប្រជាជាតិកម្ពុជាចេញពីឋាននរកនៃរបបខ្មែរក្រហមនេះ ដូច​ទៅនឹងរាល់ឆ្នាំដែរ គឺមានការៀបចំពិធីរំលឹកដល់ព្រឹត្តិការណ៍នៃដំណើរតស៊ូនោះ នៅតំបន់​ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអ៉ិច១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្ត​ត្បូង​ឃ្មុំ។ ពិធីរំលឹកដល់ព្រឹត្តិការណ៍នៃដំណើរតស៊ូរំដោះជាតិ របស់សម្តេចតេជោ និងយុទ្ធ​មិត្តកាលពី៤៧ឆ្នាំមុននោះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

    ពិធីនេះដែលធ្វើឡើងនៅជាប់ព្រំដែនប្រទេសវៀតណាមនេះ ក៏មានការអញ្ជើញចូលរួមពី​មន្ត្រីជាន់ខ្ពស់ប្រទេសវៀតណាម មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់អាវុធ អ្នកប្រវត្តិសាស្ត្រ អ្នកសិក្សាស្រាវជ្រាវ ព្រមទាំងយុវជនផងដែរ។

    ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រារព្ធខួប៤៧ឆ្នាំ នៃដំណើរឆ្ពោះទៅរក​ការតស៊ូរំដោះជាតិ៖

    * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅព្រឹកថ្ងៃនេះសម្តេចមានក្តីសោមនស្សរីករាយជាខ្លាំង ដែលបានចូលរួមប្រារព្ធពិធីរំលឹកខួប៤៧ឆ្នាំ នៃដំណើរឆ្ពោះទៅរកការរំដោះជាតិ

    * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាដឹងគុណជានិច្ច ចំពោះការលះបង់គ្រប់បែបយ៉ាងរបស់ជនរួមជាតិទាំងអស់ ដែលឆ្លុះបញ្ចាំងតាមរយៈការរៀបចំព្រឹត្តិការណ៍ទិវានៃការចងចាំនេះ ជារៀងរាល់ឆ្នាំ ដើម្បីអរគុណពុកម៉ែ បងប្អូន ក្មួយៗអ្នកភូមិកោះថ្ម ដែលតែងមានការជឿជាក់ចំពោះ សម្តេចតេជោ ហ៊ុន សែន តាំងពីដើមមក ចាប់តាំងពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ហើយនឹងដល់ឆ្នាំ១៩៧៧។

    * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រារព្ធខួបលើកទី៤៧នៃដំណើរឆ្ពោះទៅរកការរំដោះជាតិនាពេលនេះ ជាស្មារតីចងចាំជានិច្ច ដើម្បីរំលឹកដល់គំរូវីរភាពដ៏មោះមុត និង គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជា ពលរដ្ឋទាំងអស់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។

    * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់ យុទ្ធជន-យុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ បាននាំឱ្យកម្ពុជា អាចរំដោះមាតុភូមិដ៏កម្សត់ពីរបបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នងរបស់ប៉ុលពត និងនាំឱ្យកម្ពុជាកសាងបានសុខសន្តិភាព ស្ថិរភាពសង្គមជាតិ និង ការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ។

    * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋកម្ពុជានៅចងចាំជានិច្ចនូវសច្ចភាពជាប្រវត្តិសាស្ត្រចំពោះកងទ័ពស្ម័គ្រចិត្ត និង ជំនាញការវៀតណាម ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ចូលរួមជួយកម្ពុជា នៅក្នុងបុព្វហេតុរំដោះជាតិ និង ប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។

    * សម្តេចធិបតី ហ៊ុន ម៉ាណែត សូមឧទ្ទិសដល់វិញ្ញាណក្ខន្ធ បុព្វបុរស យុទ្ធជន យុទ្ធនារី កុលបុត្រ កុលធីតាខ្មែរ អ្នកស្នេហាជាតិគ្រប់រូប គ្រប់ជំនាន់ ដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជាជាទីស្នេហា និង បុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ ប្រទេសជាតិ និង ប្រជាជនកម្ពុជា តាមរយៈចលនាតស៊ូ និងការបំពេញភារកិច្ចគ្រប់បែបយ៉ាងឆ្លង កាត់គ្រប់ដំណាក់កាលជាប្រវត្តិសាស្ត្ររហូតឈានដល់ការសម្រេចបានសមិទ្ធផលធំៗជាច្រើន សម្រាប់ប្រទេសជាតិ ថែរក្សាការពារបានរឹងមាំនូវសុខសន្តិភាព អធិបតេយ្យ ឯករាជ្យជាតិ និងការអភិវឌ្ឍ។

    * សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដឹងគុណ និងគុណូបការៈយ៉ាងជ្រាលជ្រៅ បំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាមគ្គុទ្ទេសក៍ឯក ក៏ដូចជា ប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះទាំងអស់ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃគណបក្សប្រជាជនកម្ពុជា និង កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានធ្វើពលិកម្មដ៏ធំធេង រហូតដល់ការសម្រេចបានសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ សម្រាប់ជាឧត្តមប្រយោជន៍ដល់ជាតិ និង ប្រជាជនកម្ពុជា។

    * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋកម្ពុជា ត្រូវសាមគ្គីគ្នា រួមចិត្តតែមួយ ដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះឱ្យបានគង់វង្ស ឋិតថេរ, ទោះបីត្រូវបង់ដោយតម្លៃណាក៏ដោយ។

    * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទំព័រប្រវត្តិសាស្ត្រ បានតភ្ជាប់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ដែលបានកំណត់ចែកចេញជាដំណាក់កាលធំៗចំនួន៣។

    * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណាក់កាលទី១ គឺចាប់ផ្តើមពីចលនាតស៊ូនៅក្នុងដំណើរឈានឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលជាថ្ងៃចាប់ផ្តើមនៃចលនាតស៊ូ ប្រឆាំងរើបម្រះពីរបបដឹកនាំរបស់ប៉ុលពត ដែលចលនានោះ មានសម្តេចតេជោផ្ទាល់ និងយុទ្ធមិត្តតិចតួចប៉ុណ្ណោះ ចេញពីតំបន់កោះថ្ម X16 ព្រំដែនវៀតណាម ឈានទៅការបង្កើតកងកម្លាំងរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ មានឈ្មោះកាត់ថា «ក១២៥» ដែលជាអង្គការចាត់តាំងយោធាដំបូង និងការបង្កើតអង្គការចាត់តាំង​នយោបាយដំបូង គឺរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ឈានទៅសម្រេចជ័យជម្នះក្នុងការសង្គ្រោះ និងរំដោះ ប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត ជាស្ថាពរនៅថ្ងៃ «៧ មករា ឆ្នាំ១៩៧៩»។

    * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណាក់កាលទី២ គឺជាដំណាក់កាលនៃការការពារ ស្តារ និងកសាងប្រទេសជាតិឡើងវិញ ចេញពីចំណុចសូន្យ ដោយដៃម្ខាងកាន់អាវុធការពារ ទប់ស្កាត់ ការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយ ដៃម្ខាងទៀតខិតខំកសាងប្រទេសជាតិ រហូតឈានដល់ ដំណាក់កាលចរចាផងប្រយុទ្ធផង រហូតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស «២៣ តុលា ១៩៩១» និងឈានដាក់ចេញនយោបាយ ឈ្នះ-ឈ្នះ បញ្ចប់សង្គ្រាមស៊ីវិល នៅកម្ពុជានាំមកនូវសុខសន្តិភាព និង ឯកភាពទឹកដីពេញលេញជាប្រវត្តិសាស្ត្រ ដែលកម្ពុជាពុំ ធ្លាប់មានអស់រយៈកាលជាង ៥០០ឆ្នាំកន្លងទៅ។

    * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណាក់កាលទី៣ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដែលមានលក្ខណៈ ប្តូរផ្តាច់ក្នុងការប្រឆាំងជាមួយនឹងបដិវត្តន៍ពណ៌ ពោលគឺជាដំណាក់កាលថែរក្សាការពារសន្តិភាព ដែលជាបុព្វបទនៃការអភិវឌ្ឍប្រទេសជាតិ និង ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ក្រោមម្លប់នៃសុខសន្តិភាព ដែលបានមកពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី

    * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រវត្តិសាស្ត្រនេះ បានបញ្ជាក់យ៉ាងច្បាស់ថា មានការចាប់ផ្តើមពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជ​សាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ទើបមានការបង្កើតអង្គការចាត់តាំងខាងយោធាដំបូងនៅថ្ងៃទី១២ ឧសភា ១៩៧៨, មានការបង្កើតបានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ទើបមានជ័យជម្នះ ៧ មករា ១៩៧៩។

    * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ ទើបមាន​នយោ​បាយឈ្នះ-ឈ្នះ ២៩ ធ្នូ ១៩៩៨ ឈានទៅដល់ការបញ្ចប់សង្គ្រាមស៊ីវិល នៅកម្ពុជា នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញនៅទូទាំងប្រទេស។ នេះ គឺជាសច្ចភាពប្រវត្តិសាស្ត្រ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាននោះឡើយ។

    * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយឈ្នះ ឈ្នះ នៅតែដើរតួនាទីយ៉ាង​សំខាន់​នៃការផ្ដល់ការជឿទុកចិត្តរបស់ប្រជាពលរដ្ឋលើរាជរដ្ឋា-ភិបាល ដែលតែងតែផ្ដល់អាទិភាពខ្ពស់លើការលើកកម្ពស់ជីវភាពរបស់ប្រជាជន តាមរយៈ
    ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ដែលធានានូវការបែងចែកផលសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋគ្រប់រូប។

    * សម្តេចធបិតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាអតីតប្រធានគណៈកម្មការ​សាងសង់វិមានឈ្នះ-ឈ្នះ ដែលសម្តេចបានខិតខំយកអស់ពីកម្លាំងកាយចិត្ត និង​មាន​ចក្ខុវិស័យវែងឆ្ងាយ ក្នុងការចង្អុលបង្ហាញរៀបចំ ការកសាងតំបន់នេះតាំងពីថ្ងៃដំបូង និង បានផ្តួចផ្តើមរៀបចំប្រារព្ធពិធីជាប្រវត្តិសាស្ត្រនេះ ជារៀងរាល់ឆ្នាំ ដើម្បីដឹងគុណូប​ការៈដ៏ថ្លៃថ្លារបស់យុទ្ធជន-យុទ្ធនារីស្នេហាជាតិ ដែលបានធ្វើ ពលិកម្ម ដោយវីរភាព ដើម្បីជាតិមាតុភូមិ។

    * សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអាជ្ញាធររាជធានី ខេត្ត រៀបចំសួនតេជោសន្តិភាព និងតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ទៅតាមទីតាំងដែលបានរៀបចំ៕

    spot_img

    អត្ថបទទាក់ទង

    spot_img