នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សមាជិកា គណៈកម្មាធិការសាខា ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា មន្ត្រីប្រតិបត្តិសាខា មន្ត្រីរាជការនៅតាមមន្ទីរអង្គភាព អ្នកស្ម័គ្រចិត្ត យុវជនស្ម័គ្រចិត្ត និងភ្ញៀវកិត្តិយស បាននាំយកទេយ្យវត្ថុគ្រឿងឧបភោគបរិភោគ និងបច្ច័យ ទៅប្រគេនដល់ព្រះសង្ឃចំនួន ៧វត្តក្នុងនោះមាន វត្តអូរត្រេះ វត្តជោតញ្ញាណ(ហៅវត្តលើ) វត្តឥន្ទញ្ញាណ(ហៅវត្តក្រោម) វត្តព្រហ្មគេរ វត្តវាលមាស វត្តសមាធិ និងវត្តស្ទឹងហាវ ពិធីដ៍ឧត្តុងឧត្តមនេះបានប្រារព្ធនៅ វត្តឥន្ធញ្ញាណ (វត្តក្រោម) ស្ថិតនៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខាខេត្ត និងសហការី នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ទាំងអស់ សូមលើកហត្ថប្រណម្យបួងសួង ព្រះរតនត្រ័យកែវទាំងបី គុណបុណ្យវត្ថុស័ក្តិសិទ្ធិទាំងអស់នៅលើលោក ជាពិសេសសូមទេព្តារក្សាព្រះមហាស្វេតច្ឆត្រ បារមីព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមឫទី្ធតេជៈបារមីខ្លាំងក្លាទាំងអស់ ជាពិសេសបារមី ព្រះវិញ្ញាណក្ខន្ធ អតីតព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមប្រោសព្រះរាជប្រទាន ប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការមានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គទូទាំងប្រទេសយូរអង្វែងរៀងដរាបតទៅ។
សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ និងបច្ច័យ ដែលបានប្រគេនជូនក្នុងមួយវត្តរួមមាន៖ អង្ករ ២៥០គីឡូក្រាម មីជាតិ៤កេសធំ ត្រីខ៦យួរ ទឹកត្រី៦យួរ ទឹកបរិសុទ្ធ១០កេស ផ្លែឈើ ១កន្ត្រក សាដក១ និងបច្ច័យចំនួន ២.០០០.០០០រៀល និងសម្រាប់វត្តក្រោម មីជាតិ ១០កេសធំ។ ព្រះចៅអធិការវត្ត ៧អង្គមួយអង្គបានប្រគេន៖ បច្ច័យចំនួន ៣០០.០០០រៀល និងព្រះសង្ឃចំនួន ១៥២អង្គ ក្នុងមួយអង្គបានប្រគេននូវ ៖ សាដក១ និងបច្ច័យចំនួន ១០០.០០០រៀល ចំណែកយាយជី តាជី ចំនួន ២០នាក់ ក្នុងមួយនាក់បានទទួល៖ ក្រណាត់សរ១ដុំ និងថវិកាចំនួន ២០.០០០រៀល៕