More

    គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ប្រជុំត្រៀមផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ ដំណើរការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤

    spot_img

    ប៉ៃលិន៖ ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានបើកកិច្ចប្រជុំ ស្ដីពីការពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅក្នុងខេត្ត និងត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ នាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ ស្ថិតក្រោមអធិបតីភាព លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ។

    លោកជំទាវបណ្ឌិត បាន ស្រីមុំ  បានមានប្រសាសន៍លើកឡើងថា៖ ការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤នេះ ដើម្បីអោយបានកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់ គឺស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង ៣ប្រភេទ ត្រូវ អនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួន ព្រមទាំងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ បទបញ្ជា នីតិវិធី និង ក្រមសីលធម៌ ដោយស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់របស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត  ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនគណបក្សនយោបាយ និងប្រជាពលរដ្ឋទាំងអស់ ទទួលយកបាននូវលទ្ធផលនៃការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្ស។

    លោកជំទាវបណ្ឌិតប្រធានគណៈបញ្ជាការឯកភាពខេត្ត ក៍បានមានប្រសាសន៍ជំរុញដល់កងកម្លាំងទាំង ៣ប្រភេទ ត្រូវសហការយ៉ាងជិតស្និទជាមួយ អាជ្ញាធរពាក់ព័ន្ធ និងគណៈកម្មការរៀបចំការបោះឆ្នោត រៀបចំធ្វើផែនការជាក់លាក់ ក្នុងការធានាដល់សន្តិសុខ សណ្តាប់ធ្នាប់ នៅមូលដ្ឋានរបស់ខ្លួនឱ្យបានច្បាស់លាស់ ជាពិសេសកម្លាំងប្រចាំការត្រៀមអន្តរាគមន៍ក្នុងភូមិសាស្ត្រខាងក្រៅ នៃក្រុង ស្រុក ឃុំ/សង្កាត់ និងកម្លំាងនគរបាលការពារ នៅតាមការិយាល័យ បោះឆ្នោតនីមួយៗ ផ្អែកតាមផែនការ ដែលបានកំណត់ ។

    នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដែលកន្លងមក បានបំពេញការងារតាមតួនាទីភារកិច្ច ទទួលបានលទ្ធផលល្អ ហើយក៍ជាមោទនភាពដែលយើងទាំងអស់គ្នា បានខិតខំអនុវត្តន៍ការងារតាមផែនការ ធ្វើឱ្យខេត្តប៉ៃលិន មានការអភិវឌ្ឍរីកចម្រើន ព្រមទាំងកសាងបាននូវសមិទ្ធផលថ្មីៗជាច្រើនជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដូច្នេះយើងត្រូវខិតខំបន្ថែមទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់។

    សូមបញ្ជាក់ថា៖ ខេត្តប៉ៃលិន គឺមានការិយាល័យបោះឆ្នោត ចំនួន ២ នៅក្រុងប៉ៃលិន ១ការិយាល័យ និងនៅស្រុកសាលាក្រៅ ១ការិយាល័យ ដោយមានអង្គបោះឆ្នោតសរុប ចំនួន ៥២នាក់ ស្រី ១៦នាក់ និងមានអសនៈ ក្រុមប្រឹក្សាខេត្ត ចំនួន ១៥, ក្រុមប្រឹក្សាក្រុងប៉ៃលិន ១៥ និងក្រុមប្រឹក្សាស្រុកសាលាក្រៅ ១៥ ៕

    spot_img

    អត្ថបទទាក់ទង

    spot_img