បន្ទាយមានជ័យ៖ ពលរដ្ឋរងគ្រោះដោយការជន់លិច ចំនួន១១១គ្រួសារ រស់នៅតាមបណ្តោយ មាត់អូរព្រំដែនកម្ពុជា.ថៃ ក្នុងភូមិ ប៉ោយប៉ែត សង្កាត់.ក្រុងប៉ោយប៉ែត ទទួលគ្រឿងឧបភោគបរិភោគ ពីសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២០ នៅទីទួលសុវត្ថភាពវត្តស្រះត្រាច និងនៅតាមខ្នងផ្ទះមួយចំនួន។
លោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងស្របតាមគោលនយោបាយថ្នាក់ដឹកនាំ ឯកឧត្តម ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) បានណែនាំ ឲ្យសមាគមត្រូវយកចិត្តទុកដាក់ និងចូលរួមចំណែកជាមួយអាជ្ញាធរ ជួយដល់ប្រជាពលរដ្ឋលិចទឹក។ ជាក់ស្តែងថ្ងៃនេះ លោក គង់ រិទ្ធា ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុងប៉ោយប៉ែត បានរួមសហការជាមួយសប្បុរសជន និងព្រះគ្រូចៅអធិការវត្តស្រះត្រាច ចែកអំណោយផ្តល់ ជាគ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋ១១១គ្រួសារ ដែលកំពុងរងការជន់លិចដោយទឹកហូរ ធ្លាក់មកពីប្រទេសថៃ។
លោក ចៅ ជីអាន បញ្ជាក់ថា សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងប៉ោយប៉ែត ថែមទាំងបានទទួល មើលការខុសត្រូវ រក្សាសន្តិសុខសណ្តាប់ធ្នាប់ និង ធ្វើម្ហូបអាហារផ្តល់ឲ្យប្រជាពលរដ្ឋទាំងនោះ ទទួលទានមួយថ្ងៃ ៣ពេល រហូតដល់ស្ថានភាពទឹកជំនន់ស្រក ប្រជាពលរដ្ឋអាចស្នាក់នៅលំនៅឋានវិញផងដែរ៕ រូបភាព និងអត្ថបទ៖សន សុង