ទំព័រដើម ទំព័រដើម សម្តេចម៉ែ និងព្រះមហាក្សត្រ ប្រទានអំណោយតាមអាជ្ញាធរខេត្តប៉ៃលិន ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់

សម្តេចម៉ែ និងព្រះមហាក្សត្រ ប្រទានអំណោយតាមអាជ្ញាធរខេត្តប៉ៃលិន ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់

- ពាណិជ្ជកម្ម -

ប៉ៃលិន៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងទទួលបានការអនុញ្ញាត ពីសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង បាននាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចម៉ែ ចែកជូនដល់ប្រជារាស្រ្តរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ចំនួន ៥៩៩ គ្រួសារ រស់នៅក្នុងភូមិទាំង ១៦ នៃឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សកម្មភាពព្រះរាជតំណាងនេះ បានធ្វើឡើងនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ អមដំណើរដោយ មន្ត្រីសំខាន់ៗរបស់ក្រសួងព្រះបរមរាជវាំង និងមានការចូលរួមទទួលស្វាគមន៍ ពីសំណាក់ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំមន្ទីរស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងប្រជារាស្ត្រ ក្នុងមូលដ្ឋាននេះផងដែរ។

ឯកឧត្តម គុយ សុផល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេរ បានជម្រាបជូនពីព្រះរាជបណ្តាំ ដ៏ខ្ពង់ខ្ពស់ពីព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ដោយសព្វថ្ងៃព្រះអង្គកំពុងគង់ សម្រាកពិនិត្យព្យាបាល ព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ព្រះអង្គមានព្រះរាជហឫទ័យនឹករឭក និងសាកសួរសុខទុក្ខ ក្នុងព្រះរាជហឫទ័យអាណិតស្រឡាញ់ ដ៏ជ្រាលជ្រៅចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គដែលទទួលរងគ្រោះ ដោយជំនន់ទឹកភ្លៀងនៅខេត្តប៉ៃលិន ដែលកំពុងជួបប្រទះ នូវការលំបាកខ្វះខាតក្នុងជីវភាពជាខ្លាំង ដូចជា៖ ការប្រឈមមុខទៅនឹងការខ្វះខាត ស្បៀងអាហារ ទីជម្រក បញ្ហាសុខភាព ការខូចខាតនូវភោគផលដំណាំ ទ្រព្យសម្បត្តិផ្សេងៗ និងការបំផ្លិចបំផ្លាញ ដល់ហេដ្ឋារចនាសម្ពន្ធសង្គមជាតិ ហេតុនេះហើយទើបព្រះអង្គទាំងទ្វេរ បានប្រោសព្រះរាជទានឱ្យរូបឯកឧត្តម នាំមកនូវព្រះរាជអំណោយដ៏ថ្លៃថ្លា មកចែកជូនដល់ប្រជានុរាស្ត្រទាំង ៥៩៩ គ្រួសារនេះ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា៖ ព្រះរាជអំណោយដ៏ថ្លៃថ្លា ដែលបានប្រោសព្រះរាជទាន សម្រាលការលំបាកក្នុងបញ្ហាខ្វះខាតស្បៀងអាហារ របស់ប្រជារាស្រ្តរស់នៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាពេលនេះ គឺជាព្រះរាជហឫទ័យសណ្ដោសប្រោសប្រណី ដ៏មហាប្រសើរថ្លៃថ្លា នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ដែលព្រះអង្គទាំងទ្វេរ តែងតែមានព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ជានិច្ច ចំពោះសុខទុក្ខរបស់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គនៅទូទាំងកម្ពុជា ពិសេសប្រជាពលរដ្ឋ ដែលមានជីវភាពខ្សត់ខ្សោយ ដោយគ្រោះធម្មជាតិជាដើម ត្រូវបានព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះអង្គប្រោសព្រះរាជទាន នូវព្រះរាជអំណោយ ដ៏ឧត្តុង្គឧត្តមគ្រប់បែបយ៉ាង ទាំងព្រះរាជអំណោយ សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងព្រះរាជអំណោយជាឧត្តមប្រយោជន៍ សម្រាប់ការអភិវឌ្ឍ ក្នុងមូលដ្ឋានភូមិឃុំទាំងមូល ដើម្បីរួមចំណែកធ្វើឱ្យជីវភាពរស់នៅ របស់ប្រជារាស្រ្ត កាន់តែមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់។

ប្រជារាស្រ្តដែលទទួលបាន ព្រះរាជអំណោយរស់នៅក្នុង ១៦ភូមិ បានថ្លែងអំណរព្រះរាជគុណ ដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជទានដ៏ថ្លៃថ្លានេះ និងសូមថ្វាយព្រះរាជសព្ទសាធុការពរ ដ៏បវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី សូមព្រះអង្គបានប្រកបតែ នឹងព្រះបរមសុខគ្រប់ប្រការ មានព្រះរាជសុខភាពដ៏ល្អបរិបូណ៌ ព្រះកាយពលមាំមួន និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាមហាម្លប់ ដ៏ត្រជាក់ត្រជុំដល់កូន ចៅ ចៅទួតរបស់ ព្រះអង្គទូទាំងព្រះរាជាណាចក្រកម្ពុជា ជាដរាបតរៀងទៅ។

សូមបញ្ជាក់ថា៖ ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ដែលចែកជូនប្រជានុរាស្ត្រ ទាំង ១៦ភូមិ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន ៥៩៩គ្រួសារ ដោយក្នុងគ្រួសារៗទទួលបានរួមមាន៖ អង្ករ ១ បាវ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មានមុង ១ ភួយ ១ ក្រមា ១ សារុង ១) មី ១កេស ត្រីខ ១០កំប៉ុង កៅស៊ូតង់ ១ផ្ទាំង សាប៊ូ ៥ដុំ អាវយឺត ១ និងថវិកាចំនួន ៤០ ម៉ឺនរៀលផងដែរ៕ រូបភាព និងអត្ថបទ៖​ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម