ប៉ៃលិន៖ តាមការអះអាងរបស់ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ នៃខេត្តប៉ៃលិន បាននិយាយថា ពួកគាត់មានការព្រួយបារម្ភ ចំពោះសត្វពាហនៈរបស់ខ្លួន ដោយសារតែភ្លៀងធ្លាក់ជោកជាំជារៀងរាល់ថ្ងៃ បណ្តាលឱ្យ សត្វគោជាច្រើនក្បាល កើតជំងឺអុតក្តាម និងជំងឺសារទឹក ធ្វើឲ្យងាប់អស់មួយចំនួន។
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ សត្វគោជាង២០ក្បាល ក្នុងចំណោមសត្វគោជាង៦០ក្បាល របស់កសិករម្នាក់ រស់នៅចំណុចស្រែឈ្លីក ក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានកើតជម្ងឺអុតក្តាម និងសារទឹក ហើយកំពុងតែឱ្យពេទ្យសត្វឯកជនចុះទៅព្យាបាល។
ប្រភពព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីមេឃបានបង្អុរភ្លៀងជោកជាំរាល់ថ្ងៃ បណ្តាលឱ្យលិចលង់ភូមិនានា ក្នុងស្រុកសាលាក្រៅ ជាច្រើនលើកច្រើនសារ បណ្តាលឱ្យខូចខាតដំណាំដាំដុះជាច្រើនហិកតាដែរ។ រហូតមកដល់ពេលនេះ ស្រាប់តែមានករណីជម្ងឺអុតក្តាម និងជម្ងឺសារទឹកកើតនៅលើសត្វគោចិញ្ចឹមរបស់ខ្លួន។ ប្រភពបន្តទៀតថា ដោយឃើញសត្វគោកើតជម្ងឺឆ្លងតៗ គ្នានៅក្នុងក្រោលបែបនេះ ធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ដល់សត្វដែលមិនទាន់កើតផ្សេងៗទៀត។
ចំណែកស្រ្តីម្នាក់ ឈ្មោះ ណយ រស់នៅឃុំស្ទឹត្រង់ ស្រុកសាលាក្រៅ បានរៀបរាប់ឱ្យដឹងដែរ ថា គាត់បានចិញ្ចឹមសត្វគោទាំងតូចធំចំនួន២០ក្បាល ដោយកាលពីពេលថ្មីៗ កន្លងទៅនេះ កើតជម្ងឺអតុក្តាម បណ្តាលឱ្យងាប់អស់៣ក្បាល ក្នុងនោះងាប់សត្វគោបា១ក្បាលតម្លៃជិត២០០០ដុល្លារ ហើយងាប់មេគោ២ក្បាលទៀត ធ្វើឱ្យខាតបង់ប្រាក់អស់ជាច្រើន ដោយសារព្យាបាលអត់ទាន់ពេល។
ប្រភពដដែលបន្តថា ប៉ុន្តែក្រោយមក គាត់បានហៅពេទ្យសត្វ ឱ្យចុះទៅចាក់ថ្នាំព្យាបាលសត្វគោផ្សេងៗទៀត មិនមានការងាប់បន្តនោះទេ។ តែទោះបីជាយ៉ាងណា ក៏គាត់មានការព្រួយបារម្ភខ្លាំង ខណ:ភ្លៀងធ្លាក់រាល់ថ្ងៃ បណ្តាលឱ្យក្លាយទៅជាជម្ងឺឆ្លងរីករាលដាល ដល់សត្វចិញ្ចឹមរបស់ខ្លួន៕ រូបភាព និងអទ្ថបទ៖ ភ្នំខៀវ