ប៉ៃលិន៖ បន្ទាប់ពីសង្កេតឃើញ ប្រជាពលរដ្ឋរងគ្រោះធម្មជាតិ ដោយសារជំនន់ទឹកភ្លៀង ជាច្រើនគ្រួសារ នៅស្រុកសាលាក្រៅ ខណ:ផ្ទៃមេឃភ្លៀងធ្លាក់រាល់ថ្ងៃ អស់រយ:ពេលជាយូរ ធ្វើឱ្យរាំងស្ទះ មិនអាចចេញទៅប្រកបរបរចិញ្ចឹមជីវិតបាន ព្រោះព្រួយបារម្ភពីបញ្ហាទឹកលិចផ្ទះសម្បែង បណ្តាលឱ្យខ្វះខាតស្បៀងអាហារ ទើបម្ចាស់ស្ថានីយ៍ប្រេងឥន្ធន:១កន្លែង សម្រេចផ្តល់ស្បៀង ដើម្បីត្រៀមបម្រុងចែកជូនពលរដ្ឋតែម្តង។
ហេតុការណ៍សប្បុរសជន ប្រគល់ស្បៀង ជូនអាជ្ញាធរស្រុកសាលាក្រៅត្រៀមចែកដល់ពល រដ្ឋរងគ្រោះនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងបរិវេណស្រុកសាលាក្រៅ ដោយមានការអញ្ជើញចូលរួមពីលោក សំ សារ៉េត អភិបាលស្រុក លោក ឡូ លុយ អភិបាលរងស្រុកសាលាក្រៅ ព្រមទាំងមន្រ្តីសាលាស្រុកមួយចំនួនផងដែរ។
ប្រភពព័ត៌មានពីលោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានរៀបរាប់ឱ្យដឹងថា៖ ដោយសារលោក ឡូ លុយ អភិបាលរងស្រុក មានទំនាក់ទំនងល្អ ជាមួយប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ទើបរ៉ាយរ៉ាប់ប្រាប់ពីទុក្ខលំបាក ប្រជាពលរដ្ឋរងគ្រោះធម្មជាតិ ដោយសារទឹកជំនន់ កាលពីពេលថ្មីៗ ដល់អាជីវករ ជាសប្បុរសជន ទើបរហូតមកដល់ពេលនេះ ម្ចាស់ស្ថានីយ៍ប្រេងឥន្ធន:១កន្លែង ឈ្មោះ ទូច គឹមសាន្ត ភេទប្រុស ប្រពន្ធ ឈ្មោះ គ្រី ចន្នី និងក្រុមគ្រួសារ ឈ្មោះ ទូច លីហ៊ាង ភេទប្រុស ឈ្មោះ វែង ធារ៉ា ភេទប្រុស និងឈ្មោះ ម៉ុច ដេវិត ភេទប្រុស បានមូលមតិគ្នាទិញជាគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន៖ អង្ករទម្ងន់៥០គីឡូក្រាម ចំនួន១០ការ៉ុង ទឹកសុទ្ធ៥០យួរ មី២០កេះ ត្រីខកំប៉ុង១០ឡូ ទឹកស៊ីអ៊ីវ១០យួរ និងទឹកត្រី១០យួរផងដែរ។
លោកបន្តទៀតថា អំណោ យដ៏ថ្លៃថ្លា របស់សប្បុរសជនទាំងនេះ ខាងអាជ្ញាធរស្រុក នឹងត្រៀមយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង នៅពេលខាងមុខឆាប់ៗនេះ។ អាជ្ញាធរស្រុកសាលាក្រៅ សូមក៏ថ្លែងអំណរគុណ ដល់សប្បុរសជនយ៉ាងជ្រាលជ្រៅក្រៃលែង ដែលមានចិត្ត ចេះចែករំលែកជួយគ្នាក្នុងគ្រាមានអាសន្ន ជាពិសេសបញ្ហាគ្រោះធម្មជាតិ។
លោកសូមឱ្យម្ចាស់អំណោយទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ ទទួលជោគជ័យ គ្រប់ភារកិច្ចផងដែរ។ លើសពីនេះ អាជ្ញាធរស្រុកសាលាក្រៅ ក៏នៅតែបន្តអំពាវនាវ ដល់សប្បុរសជនរស់នៅក្នុងខេត្ត ក៏ដូចជានៅឯនាយសមុទ្រ បើមានចិត្តចង់ចូលរួមចំណែក បរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារគ្រោះធម្មជាតិនេះ គឺអាចទាក់ទងមកលេខទូរស័ព្ទ 097 74 94 888 ហើយនៅពេលទទួលបានច្រើនអាជ្ញាធរ នឹងធ្វើកម្មវិធីចែកជូនប្រជាពលរដ្ឋដំណាលគ្នាតែម្តង៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ