កំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរមួយបានកើតឡើង រវាងរថយន្តបុកចំពីក្រោយម៉ូតូ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។ ហេតុការណ៍នេះបានកើតឡើង នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៦៣-៦៤ ស្ថិតត្រង់ចំណុចភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ។
តាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿង ម៉ាកស្មាស់ ពណ៍ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1I-5033អ្នកបើកបរឈ្មោះហង្ស សុវ៉ាន់ ភេទប្រុស អាយុ៥១ឆ្នាំ ឌុបប្រពន្ធ ឈ្មោះ កែវ ឃីម ភេទស្រី អាយុ៤៣ឆ្នាំ ទាំងពីររស់នៅភូមិឃុំខាងលើ បើកបរពីលិចទៅកើត។ លុះបើកមកដល់ចំណុចខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ព្រូស ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AW-5134 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដែលបើកបរស្របទិសគ្នា បានបុកចំពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ និងអ្នកជិះពីក្រោយស្លាប់នៅនឹងកន្លែង។
ប្រភពបន្តថា ក្រោយពីកើតហេតុ អ្នកបើករថយន្តបង្កបានចុះរត់ គេចខ្លួនបាត់។ អ្នករងរបួសត្រូវបានបងប្អូន ដឹកយកទៅសង្រ្គោះ នៅមន្ទីពេទ្យបង្អែកត្រពាំងក្រឡឹង។ ចំពោះសពបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាងទាំង២គ្រឿងយកទៅរក្សាទុក នៅអធិការនគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនិតិវិធី៕ រូបភាព និងអទ្ថបទ៖ សុគន្ធី